
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មហាជនក្នុងបណ្តាញសង្គម មានការភ្ញាក់ភ្អើលយ៉ាងខ្លាំង ក្រោយបានឃើញនារីម្នាក់ជិះរថយន្តទំនើប Ford ចូលចាក់សាំងអស់ចំនួន 40$ ប៉ុន្តែ បែរជាមិនឲ្យលុយគេ ជិះចាកចេញយ៉ាងរំភើយ បើទោះជាបុគ្គលិកចាក់សាំងខំរត់ដេញតាម ក៏ដោយ។
ក្រោយស្ថានីយចាក់សាំងនោះ ប្រកាសស្វែងរកមិនបានប៉ុន្មានម៉ោងផង ខណៈមហាជនជាច្រើននាំគ្នាសម្តែងការហួសចិត្ត និងរិះគន់កប់ៗថា រូបស្អាតតែចរិកធូរថ្លៃ ជាដើម ស្រាប់តែសម៉ីខ្លួននារីជិះរថយន្ត Ford នោះ បានចេញមុខបង្ហោះសារទទួលស្គាល់ការពិតថា ខ្លួននាងពិតជាបាន «ភ្លេច» ឲ្យលុយគេមែន និងមិនមែនចេតនាមិនឲ្យលុយ ដូចមនុស្សជាច្រើនចោទប្រកាន់នោះទេ។
តាមគណនីហ្វេសប៊ុក ម៉ាក់ ចន្រ្ទា បោះដុំ បានបង្ហោះឲ្យដឹងថា៖ «ខ្ញុំជាម្ចាស់ឡាន Ford ស្លាកលេខ CH. TREA9 ដែលបានចាក់សាំងនៅការ៉ាស់សាំង total ឈូកវ៉ា2 ដែលនៅជិតផ្ទះ កាលពីថ្ងៃមិញ តែកំហុសមួយគឺខ្ញុំភ្លេចអោយលុយគេ តែផុសក៏ផុសចុះ ព្រោះខ្ញុំជាអ្នកខុសដែរ ខ្ញុំបានភ្លេចអោយលុយគេ តែសូមមេតាប្រេីពាក្យអោយសមរម្យជាមនុស្សបន្តិចមក កុំប្រេីពាក្យឡេីងសុទ្ធតែ(អ្នកនាងដ៏ស្រស់ស្អាត) សួរថាខ្ញុំយកមុខមាត់ខ្ញុំទៅដូរមួយលុយ 40$ ហ្នឹងមែន? ខ្ញុំរកសុីខ្ញុំមានមុខរបរច្បាស់លាស់ត្រឹមត្រូវ មិនមែនមនុស្សដេីរបោកប្រាស់គេទេ អ្នកណាក៏ចេះភ្លេចដែរ»។
សូមបញ្ជាក់ថា លុយសាំងចំនួន 40$ នោះ នារីម្ចាស់រថយន្ត Ford បានបង់ឲ្យស្ថានីយចាក់សាំងរួចហើយ ដោយធ្វើការទូទាត់តាម ABA ៕