វីវរហើយ!! សាប៊ូលម្អងក្បាលល្មៀតខ្មែរ របស់ពូឈឹម មានផ្ទុកសារធាតុគីមី អាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរសុខភាព

4896

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ ដោយសារតែគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាលបានរកឃើញថា គ្រឿងសម្អាងឈ្មោះសាប៊ូលម្លងក្បាលល្មៀតខ្មែរ គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ (ខេមបូឌា) ឯ.ក (ដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធានគ្រឹះស្ថានមួយនេះ) មានផ្ទុកសារធាតុគីមីបារត (Mercury) លើសកម្រិតបទដ្ឋានស្តង់ដារបច្ចេកទេសកំណត់ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត របស់អ្នកប្រើប្រាស់»។

ក្រសួងសុខាភិបាល បានបន្តថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះក្រសួងបានសំណូមពរ ប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវគឺមាន ២ផ្នែក ១- ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានសំណូមពរប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ សាប៊ូលលម្អងក្បាលល្មៀតខ្មែរ ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ។ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ដែលកំពុងចែកចាយផលិតផលនេះត្រូវធ្វើការប្រមូល សាប៊ូលម្អងក្បាលល្មៀតខ្មែរ ទាំងអស់ពីទីផ្សារដើម្បីធ្វើការកម្ទេចចោល។

ក្រសួងសុខាភិបាល នឹងបន្តតាមដានផលិតផលនេះនៅលើទីផ្សារជាបន្តទៀត និងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕