ថៃព្រមានពីការរាត្បាតជំងឺគ្រុនឈាមប្រភេទ ២ ដែលជាជំងឺគ្រោះថ្នាក់និងមានអាការៈស្រដៀងជំងឺកូវីដ-១៩ នៅអំឡុងពេលបុណ្យ “សង្ក្រាន្តថៃ” ខាងមុខ

2252

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានព្រមានថា នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬ “សង្ក្រាន្តថៃ” នៅខែក្រោយនេះនឹងមានការរាតត្បាតជំងឺគ្រុនឈាមប្រភេទ ២ ដែលជាជំងឺដ៏គ្រោះថ្នាក់មួយនិងមានអាការៈស្រដៀងជំងឺកូវីដ-១៩ ដែរ នេះបើយោងតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនានេះ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា គិតត្រឹមរយៈពេល ៣ខែដំបូងក្នុងឆ្នាំ ២០២២ នេះមានពលរដ្ឋថៃចំនួន ៣នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគ្រុនឈាមប្រភេទ ២ នេះ។

បើគេធ្វើការប្រៀបធៀបអំពីតួលេខអ្នកស្លាប់នៅក្នុងឆ្នាំមុន​​គឺពេញមួយឆ្នាំ ២០២១ ប្រទេសថៃបានរកឃើញអ្នកស្លាប់ដោយជំងឺគ្រុនឈាមប្រភេទ ២ សរុបចំនួន ៦នាក់ប៉ុណ្ណោះ។ បើតាមលោកវេជ្ជបណ្ឌិត Opas Kankawinpong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា​ តាមធម្មតាជំងឺគ្រុនឈាមប្រភេទ ២ តែងរាតត្បាតខ្លាំងរៀងរាល់ ២ឆ្នាំម្តង ហើយនៅក្នុងឆ្នាំនេះគឺជាឆ្នាំដែលប្រទេសថៃត្រូវប្រឈមនឹងរលកនៃការរាតត្បាតកម្រិតធ្ងន់ធ្ងរនោះហើយ។

វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ជំងឺគ្រុនឈាមប្រភេទ ២អាចបង្កការរាតត្បាតគ្រប់ទីកន្លែង ដូចនេះពលរដ្ឋគ្រប់រូបត្រូវប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ ហើយប្រសិនបើមានអាការៈក្តៅខ្លួននិងមិនស្រួលខ្លួន ត្រូវទៅពិនិត្យសុខភាពឲ្យបានឆាប់រហ័សដើម្បីដឹងច្បាស់ថា បានឆ្លងជំងឺកូវីដ-១៩ ឬជំងឺគ្រុនឈាមប្រភេទ ២៕ ដោយ៖ ខ្មែរណូត