ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែលបានប្រកាសពីការរកឃើញករណីកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀតដែលមិនស្គាល់ឈ្មោះចំនួន ២ ករណី ។
កាសែត Jerusalem Post បានរាយការណ៍ថា យោងតាមក្រសួង ករណីទាំងពីរនេះត្រូវបានរកឃើញ ក្នុងអំឡុងពេលធ្វើតេស្តម៉ាស៊ីនធំ PCR ជាប្រចាំដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion សម្រាប់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងប្រទេស ។
ក្រសួងបានបន្តថា អ្នកដែលឆ្លងមេរោគនេះត្រូវបានគេរាយការណ៍ថាកំពុងមានរោគសញ្ញាស្រាល រួមមានគ្រុនក្តៅ ឈឺក្បាល និងឈឺសាច់ដុំ ហើយក្រសួងកំពុងបន្តតាមដានស្ថានការណ៍នៅអាកាសយានដ្ឋាន ហើយនឹងផ្តល់ព័ត៌មានបន្ថែម បើមានករណីស្រដៀងគ្នានេះ ។
ចំណែកអ្នកនាំពាក្យមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shamir Assaf Harofeh ជាកន្លែងដែលការធ្វើតេស្ត PCR ត្រូវបានធ្វើឡើងជាបន្តបន្ទាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា
“ការវិភាគទិន្នន័យបានបង្ហាញឲ្យឃើញហ្សែនមួយនៃវីរុសថ្មីនេះ ពោលអាចជាការរួមបញ្ចូលគ្នានៃវីរុសបំបាំងកាយទម្រង់ BA.1 និង BA.2 ដែលក្លាយចេញពីវីរុសបំប្លែងខ្លួនអូមីក្រុង ។
អ្នកនាំពាក្យមជ្ឈមណ្ឌលខាងលើសង្កត់ធ្ងន់ថា ដោយសារវីរុសបំប្លែងខ្លួនថ្មីនេះមិនទាន់ត្រូវបានរកឃើញនៅកន្លែងណាផ្សេងទៀតក្នុងពិភពលោក ដូច្នេះមិនសូវមានគេស្គាល់ច្រើនអំពីវានោះទេ ។
ប៉ុន្តែវេជ្ជបណ្ឌិតជាន់ខ្ពស់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hadassah គឺលោកសាស្ត្រាចារ្យ Dror Mevorach បាននិយាយថា “រៀងរាល់ ២ ទៅ ៣ សប្តាហ៍តែងតែមានវីរុសបំប្លែងខ្លួនថ្មីមួយ“ ។
ជាចុងក្រោយលោក Mevorach បញ្ជាក់ថា “ដរាបណាវាមិនទាន់បង្កើតជាការឆ្លងថ្មី វានឹងមិនត្រូវបានកំណត់ថាជាវីរុសបំប្លែងខ្លួនគួរព្រួយបារម្ភ និងត្រូវយកចិត្តទុកដាក់នោះទេ” ៕ ប្រភព៖ កម្ពុជាថ្មី