
មុននេះបន្តិច យោងតាមការចេញផ្សាយពីវេបសាយ thethaiger បានឱ្យដឹងថា អ្នកជំនាញផ្នែកសុខភាពឈានមុខគេក្នុងប្រទេសថៃបានសម្តែងការព្រួយបារម្ភជាខ្លាំងពីមេរោគ BA.2.2 ប្រភេទថ្មីដែលកំពុងឆ្លងខ្លាំងនៅក្នុងទីក្រុងហុងកុងនិងចក្រភពអង់គ្លេស។
លោកវេជ្ជបណ្ឌិត Chalermchai Boonyaleephan ជាអនុប្រធានគណៈកម្មការសុខភាពសាធារណៈបាននិយាយថា បច្ចុប្បន្ននេះ Omicron បានផ្លាស់ទៅជាមេរោគច្រើនទម្រង់ណាស់ ហើយប្រភេទ ចុងក្រោយនោះគឺមេរោគ BA.2.2 ដែលជាកំពុងឆ្លងខ្លាំងនៅហុងកុង ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា នេះជារឿងដ៏គួរឱ្យបារម្ភខ្លាំងមែនទែន សម្រាប់ប្រទេសហុងកុង ដោយសារតែជំងឺកូវីដ១៩ហាក់បីដូចជានៅតែឆ្លងខ្លាំងនិងមានអត្រាទទួលមរណភាពខ្ពស់នៅប្រទេសហុងកុង ហើយពេលនេះបែរជាមករកឃើញនៅមេរោគ BA.2.2 ទៅវិញ។
ជាមួយគ្នានោះដែរ បើយោងតាមការចេញផ្សាយពីសារព័ត៌មាន Nation Thailand បានចេញផ្សាយបន្ថែមទៀតថា លោកវេជ្ជបណ្ឌិត Chalermchai កំពុងតែអំពាវនាវដល់រដ្ឋាភិបាលថៃ ឱ្យបង្កើនវិធានការយ៉ាងតឹងរឹងបំផុត សម្រាប់អ្នកដំណើរដែលចេញមកពីប្រទេសហុងកុងនិងចក្រភពអង់គ្លេស ព្រោះលោកខ្លាចមានអ្នកឆ្លង មេរោគ BA.2.2 កាន់តែច្រើនថែមទៀត។
វេជ្ជបណ្ឌិតខាងលើ បានបញ្ជាក់ថា ទោះបីជាពេលនេះប្រទេសថៃនៅមិនទាន់មានករណីឆ្លងមេរោគថ្មី BA.2.2 ទេ តែលោកពិតជាព្រួយបារម្ភយ៉ាងខ្លាំងព្រោះមេរោគនេះឆ្លងលឿនមិនចាញ់មេរោគទម្រង់ដើមឡើយ ជាពិសេសនោះកាលពីកន្លងទៅនេះប្រទេសថៃក៏ធ្លាប់ផ្ទុះនៅមេរោគ BA.1 និង Ba.2 យ៉ាងគំហុងផងដែរ៕