
ស្របពេលដែលពិភពលោកកំពុងផ្តោតខ្លាំងលើវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយហាក់ភ្លេចជំងឺកូវីដ១៩នោះ, ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានថា វីរុសបំប្លែងខ្លួន “ដែលតាក្រុង” ដែលជាកូនកាត់រវាង ដែលតា និង អូមីក្រុង កំពុងចាប់ផ្តើមរីករាលដាលពាសពេញអឺរ៉ុបហើយ។
WHO បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយកាលពីថ្ងៃពុធទី០៩ខែមីនាថា មេរោគនេះត្រូវបានគេរកឃើញថា កំពុងរីករាលដាលនៅក្នុងប្រទេសបារាំង ហូឡង់ និងដាណឺម៉ាក។
ពួកគេក៏បានរកឃើញចំនួន ២ករណី នៅក្នុងសហរដ្ឋអាមេរិកផងដែរ ហើយគ្រោងនឹងបោះពុម្ពរបាយការណ៍ស្តីពីការរកឃើញរបស់ពួកគេនាពេលខាងមុខ។
របាយការណ៍នេះក៏កើតឡើងផងដែរ ចំពេលដែលពិភពលោកឈានដល់ឆ្នាំទី២ នៃជំងឺរាតត្បាត ដោយនៅថ្ងៃសុក្រទី១១ខែមីនានេះ គឺជាថ្ងៃគម្រប់ខួបពីរឆ្នាំដែលអង្គការសុខភាពពិភពលោកប្រកាសថា កូវីដ១៩ជាជំងឺរាតត្បាតទូទាំងពិភពលោក។
WHO បានចេញការព្រមានខ្លាំងៗថា វីរុសបំប្លែងខ្លួនកូនកាត់ “ដែលតាក្រុង” អាចក្លាយជាបញ្ហាចម្បងទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
យ៉ាងណាក្តី ករណីសរុបនៃវីរុសកូនកាត់ “ដែលតាក្រុង” នៅតែមានកម្រិតទាបនៅឡើយ សូម្បីតែក្នុងប្រទេសដែលការរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ត្រូវបានរកឃើញក៏ដោយ។
នៅសហរដ្ឋអាមេរិក វីរុសបំប្លែងខ្លួន អូមីក្រុង កំពុងវាយលុកខ្លាំង ដោយមេរោគទម្រង់ដើមរបស់ខ្លួនគឺ BA.1 បានរួមចំណែកប្រមាណ៨៨ភាគរយនៃករណីកូវីដទាំងអស់ ហើយវីរុសបំបាំងកាយ BA.2 មានចំនួន១២ភាគរយ៕ ប្រភព៖ កម្ពុជាថ្មី