
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង មានការកើនឡើងជាលំដាប់នៅក្នុងសហគមន៍។ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំទប់ទល់នឹងជំងឺកូវីដ-១៩
ក្រសួងបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ ប៉ុន្តែក្រសួងសុខាភិបាល ក៏បានធ្វើការណែនាំហាមមិនអោយប្រើឱសថម៉ូលណាទ្រីស ចំពោះបុគ្គលខាងក្រោមនេះ៖
– សម្រាប់ក្រុមកុមារ៖ សុវត្ថិភាព និងប្រសិទ្ធភាពរបស់ Molnupiravir ចំពោះអ្នកជំងឺអាយុតិចជាង ១៨ឆ្នាំ មិនទាន់បានសិក្សាបញ្ជាក់នៅឡើយទេ។
– អ្នកងាយប្រតិកម្ម៖ ហាមប្រើចំពោះអ្នកដែលងាយមានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុរួមផ្សំណាមួយនៃឱសថ។
– សម្រាប់ស្ត្រីមានផ្ទៃពោះ៖ ទោះបីជាមិនមានទិន្នន័យពីការប្រើ Molnupiravir លើស្រ្តីមានផ្ទៃពោះដ៏ដោយ ប៉ុន្តែ ការសិក្សាលើសត្វបានបង្ហាញពីការពុលលើភាពបង្កកំណើត។ ដូច្នេះ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើក្នុងអំឡុងពេលមានផ្ទៃពោះទេ។ ស្ត្រីដែលបម្រុងនឹងមានគភ៌គួរប្រើការពន្យាកំណើតដែលមានប្រសិទ្ធភាពសម្រាប់រយៈពេលព្យាបាល និងសម្រាប់រយៈពេល ៤ថ្ងៃ បន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir ។
– ស្រ្តីបំបៅដោះកូន៖ គេពុំបានដឹងនៅឡើយទេថា តើ Molnupiravir ឬសារធាតុផ្សំណាមួយនៃ Molnupiravir មានវត្តមាននៅក្នុងទឹកដោះមនុស្ស ឬប៉ះពាល់ដល់ការផលិតទឹកដោះមនុស្ស ឬមានឥទ្ធិពលដល់ទារកដែលបៅដោះម្តាយនោះទេ។ ការសិក្សាជាមួយនឹង Molnupiravir លើសត្វដែលបៅមិនត្រូវបានធ្វើឡើងទេ។
ដោយផ្អែកទៅលើសក្ដានុពលនៃប្រតិកម្មរំខានមកពី Molnupiravir លើកូនក្មេង ការបំបៅដោះកូនមិនត្រូវបានណែនាំក្នុងអំឡុងពេលព្យាបាល និងសម្រាប់រយៈពេល ៤ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir ៕