យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព
ដោយមិនឱ្យលើសពី០៧នាក់ក្នុងមួយតុឡើយ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដូចជាបាញ់អាកុលឬដែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាស ចេញក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញ នៅពេលងើបចេញពីតុ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ទន្ទឹមនេះត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវបុគ្គលនោះ មិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ។
គួរជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣៧ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងនោះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៦២នាក់ ក្នុងនោះករណីនាំចូលចំនួន៣៦នាក់ និងឆ្លងក្នុងសហគមន៍២២៦នាក់ ហើយនាក់ជា ៧៦នាក់ជាសះស្បើយ៕