ក្តៅៗ សម្តេច​តេ​ជោ នឹង​ដក​តំណែង មេទ័ព មេ​ប៉ូ​លី​ស ឬ​អ្នកធំ​រូបណា ដែល​ប្រើប្រាស់​រថយន្ត​សេរី​ទំនើប គ្មាន​ពន្ធ

1188

ភ្នំពេញ៖ រាជរដ្ឋាភិបាល ប្តេ​ជ្ញា​​បញ្ច​ប់​ បញ្ហា​រថយន្ត​មិន​បង់​ព​ន្ធ និង​អាករ​នាំ​ចូល និង​រថយន្ត​ចង្កូត​ស្តាំ​ខុ​ស​ច្បា​ប់ ដែល​ជា​បញ្ហា​ច្រំ​ដែល ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ តទៅ នេះ​បើ​យោង​តាម​ លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១​នេះ ។

ទី​១- អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​សេចក្ដីជូនដំណឹង​លេខ​៤៤២ ស​ជ​ណ​.​ហ​ធ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២១ ស្ដី​ពី ការ​អនុវត្ត​វិធានការ​លើ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រ​ប់​ប្រភេទ ប្រចាំឆ្នាំ​២០២១ ជា​​លើ​ក​​ចុ​ង​ក្រោ​យ ចំពោះ​យានយន្ត​ឯកជន ដែល​ជ្រោក​ក្រោម​ផ្លា​ក​លេខ​ក្រសួង ស្ថាប័នរដ្ឋ ជា​ពិសេស​ផ្លា​ក​លេខ ខ​.​ម និង ន​.​ប ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំ​ចូល ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្ដី​ពី​គយ ​។

ទី​២- ចំពោះ​ម្ចាស់​រថយន្ត​ឯកជន ជ្រក​ក្រោម​ផ្លា​ក​លេខ​រដ្ឋ ផ្លា​ក​លេខ ខ​.​ម និង ន​.​ប ដែល​មាន​ចង្កូត​ឆ្វេង និង​ពុំ​មាន ក្នុង​បញ្ជី​ទ្រព្យ​រដ្ឋ របស់​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​រួសរាន់ ចូល​មក​បង់ពន្ធ និង​អាករ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ទទួល​បានការ​អនុគ្រោះ បន្ធូរ​បន្ថយពន្ធ នៃ​ប្រាក់​ពន្ធ​អាករ សរុប​ពី​១០០% មក​ត្រឹមតែ​៩០% ។ ប៉ុន្តែ​ចំពោះ​រថយន្ត​ទំនើប ដែល​ទើប​នាំ​ចូល ក្នុង​ឆ្នាំ​២០២១ ត្រូវ​បង់ពន្ធ និង​អាករ​១០០% ដដែល ។ ប្រសិនជា​ម្ចាស់​យានយន្ត មិន​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ និង​អាករ​នោះ​ទេ គឺ​ក្រោយ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នឹង​ត្រូវ​យកពន្ធ និង​អាករ​ពេញ​១០០% ព្រមទាំង​ត្រូវ​ទទួល​រង​ការ​ផា​​ក​ពិ​​ន័​​យ​​​ទៀត ។

ទី​៣- ចំពោះ​ម្ចាស់​រថយ​​ន្ត​ចង្កូត​ស្តាំ​​ទាំងអ​ស់ ត្រូវ​រួសរាន់​មក​បង់ប្រាក់​ពន្ធ​អាករ ហើយ​ទទួល​បានការ​អ​នុ​គ្រោះ​​បន្ធូរ​​ប​ន្ថ​យ​ព​ន្ធ ចំនួន ១០%​ដែរ និង​ត្រូវ​យក​រថយន្ត​ទៅ​កែ​ចង្កូត ឲ្យ​បាន​រួចរាល់​មុន ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ។ ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ តទៅ មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ឯកជន ដែល​មាន​ចង្កូត​ស្ដាំ ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​ ទៀត​នោះ​ឡើយ លើកលែងតែ​រថយន្ត​ចង្កូត​ស្ដាំ មួយ​ចំនួន ដែល​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ជា​លក្ខណៈ​ពិសេស ដូច​ជា​រថយន្ត​សង្គ្រោះ​ប​ន្ទា​ន់ រថយ​ន្ត​​ព​ន្ល​ត់អ​គ្គី​ភ័​យ រថយន្ត​ដឹក​សំរាម ជាដើម ។

ទី​៤- ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ តទៅ អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​សហការ​ជាមួយ​គយ ដើម្បី​បង្កើន​សកម្មភាព​ទ​ប់​ស្កា​ត់ និង​ប​ង្ក្រា​ប​​រថយន្ត​គ្មាន​ពន្ធ ។ ក្នុង​ករណី​ចាំបាច់ ប្រ​សិន​បង្ក្រាប​បាន​រថយន្ត​សេរី​ទំនើប គ្មាន​ពន្ធ ដែល​ម្ចាស់​ជា​មេទ័ព មេ​ប៉ូ​លី​ស ឬ​ជា​អ្នកធំ ក្នុង​ជួរ​រាជរដ្ឋាភិបាល តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា ជាដើម ដែល​មិន​គោរព​ច្បាប់ និង​បន្ត​ប្រើប្រាស់​រថយន្ត​នោះ ត្រូវ​រាយការណ៍​អំពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត ជូន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​សម្តេច​មាន​វិធានការ​ដ​ក​​មុ​ខ​តំ​ណែ​​ង និង​បណ្ដេញ​ចេញពី​គណបក្ស ថែម​ទៀត ។

ទី​៥- ទាំងអស់​គ្នា ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់ ។ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ តទៅ រថយន្ត​គ្មាន​ពន្ធ និង​អាករ​មិន​អាច​ចរាចរ​លើ​ដងផ្លូវ​បាន​ឡើយ គឺជា​រថយន្ត​ខុសច្បាប់​ដែល​នឹង​ត្រូវ​រង​វិធានការ​យ៉ាង​តឹ​​ង​​រ៉ឹ​​​ង និង​​ម៉ឺ​​ង​​ម៉ា​ត់​បំផុត ។

សូម​ជម្រាប​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។

សម្រាប់​រៀប​វារៈ នៃ​កិច្ចប្រជុំ​មាន​ដូច​ខាងក្រោម ៖
១- សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តី​ពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ​។

២- ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ ។
៣- សេចក្តី​ព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២២-២០២៤​ ។

៤- បញ្ហា​ផ្សេង​ៗ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​ទាក់ទង​ទៅ​នឹង​ការ​កាត់សេចក្តី​នៅ​ក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត​ឡើង​នៅ​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ស្តី​ពី​ការ​រៀបចំ​ក្នុង​ពេល​អន្តរកាល និង​ការ​បញ្ចប់​ការងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ៕