ឧកញ៉ា ម៉ុង ឫទ្ធី៖ អ្នកមានៗ​មិន​នាំ​គ្នា​បង្កើន​ការ​ចិញ្ចឹម​សត្វ ប្រជែង​​គ្នា​តែ​​នាំសត្វ​រស់​​ចូល មិន​គិត​ជាតិ​ជា​ធំ

1153

យោងតាមហ្វេសប៊ុក ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានសរសេរបង្ហោះសារលើហ្វេសប៊ុកថា រយៈពេលជាយូរកន្លងមកនេះ ខ្ញុំបានទទួលដំណឹងក្រៅផ្លូវការខ្លះៗ និងតាមបណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីការនាំជ្រូកចូលមកពីបរទេស ខ្ញុំ កម្របានឃើញអ្នកមានលុយ មានលទ្ធភាព ជជែកគ្នាអំពីការចិញ្ចឹមសត្វ ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារអោយប្រជាជននៅតាម ទីជនបទបានធ្វើ និងដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់ទៅបរទេស ដោយសារតែការនាំចូលសត្វរស់សាច់សត្វ ក៏ដូចជាចំណីសត្វ មកស.ម្លា.ប់កសិករផ្នែកដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វទាំងខ្នាតតូច មធ្យម និងខ្នាតធំ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិច្រើន មានលទ្ធភាព មិននាំគ្នាបង្កើនការចិញ្ចឹមសត្វ ផលិតចំណីសត្វ ហើយនៅតែចង់ប្រគួតប្រជែងគ្នា នាំសត្វរស់ សាច់សត្វ និងចំណីសត្វចូលមកពីបរទេស

យ៉ាងដូច្នេះ អ្វីដែលចាស់ៗជំនាន់ យើងបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយៗ គឺនៅតែនាំចូលដដែល ការកាត់បន្ថយភាពក្រីក្រ លើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វ នៅតែដដែលមិន​ជឿនលឿន​តំណរ​ជំនាន់​ ដោយមើលឃើញហេតុផល ដូចខាងលើនេះហើយ ទើបកាលពី ខែឧសភា ឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើមពីUSAID Cambodia MSME បានរៀបចំដំណើរទស្សនកិច្ចមួយ ទៅរដ្ឋNorth Carolina សហរដ្ឋអាមេរិក ដែលបានចាត់តាំងអោយរូបខ្ញុំ ដឹកនាំអ្នកក្រ និងអ្នកក្របំផុត រួមជាមួយអ្នកពាក់ព័ន្ធផ្នែកចិញ្ចឹមជ្រូក ចំនួន១៦នាក់ ពីប្រទេសកម្ពុជាយើង ធ្វើដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ ដោយអាមេរិក ជាអ្នកទទួលបន្ទុកលើការចំណាយទាំងអស់ ដើម្បីទៅមើលសាលាបង្រៀនពីការចាប់ផ្តើមបន្តពូជ រហូតដល់ដឹកជ្រូកយកទៅលក់។

យើងឃើញថាវាអស្ចារ្យខ្លាំងណាស់ ដោយសារតែអាមេរិក បានដើរមុនយើងលើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្មនិង ការចិញ្ចឹមសត្វជាយូរយារណាស់មកហើយយ។ ក្រោយពីបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ ដោយសារតែ ចង់អោយព្រះរាជាណាចក្រកម្ពុជាយើង ឆាប់បានរីកចម្រើនដូចសហរដ្ឋអាមេរិកដែរ ខ្ញុំ បានរៀបចំផ្ទៃដីចំនួន៥ហិកតា និងបានសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម ព្រមទាំងបានខិតខំទំនាក់ទំនងទិញ មេពូជដូនតាទួតជ្រូក ពីក្រុមហ៊ុនអាមេរិក ដែលសុតតែបានសន្យាថា នឹងជួយទាំងសាលាបង្រៀន និងលក់ពូជជ្រូក មកអោយខ្ញុំ ផងដែរ

ប៉ុន្តែជាអកុសលរយៈពេល៣ខែ មិនមានអ្វីជាផ្លែផ្កា ទាល់តែសោះ ខ្ញុំ ក៏បានងាកមករកស្ថានទូតចក្រភពអង់គ្លេស អោយជូយឧទ្ទេសនាមក្រុមហ៊ុនដែល ចិញ្ចឹមជ្រូក មានឈ្មោះល្បីនៅចក្រភពអង់គ្លេសវិញម្តង បានដូចបំណងមែន ស្ថានទូតបានឧទ្ទេសនាម ក្រុមហ៊ុនACMC ដែលមានបទពិសោធន៍បច្ចេកទេសចិញ្ចឹមជ្រូកជាង១០០ឆ្នាំកន្លងមកហើយ នៅចុងឆ្នាំ ២០០៨ យើងបានដឹកជ្រូកពូជយ៉កសៀ ពូជដូនតាទួត ចំនួន៦៣០ក្បាលឈ្មោល៣០ក្បាល​ ៣យន្តហោះលេខមូល​៣លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ មកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នេះជាលើកទី១ហើយ ដែលព្រះរាជាណាចក្រកម្ពុជាយើង បាននាំចូលពូជជ្រូកយ៉កសៀ បន្សុតពូជ​មកពីទីក្រុង យ៉កសាយ ចក្រភពអង់គ្លេស។

រយៈពេល១៣ឆ្នាំបានកន្លងទៅ កាលនោះ ខ្ញុំមានអាយុ៥៤ឆ្នាំ មកដល់អាយុ៦៧ឆ្នាំ ខ្ញុំ បានហែលឆ្លងកាត់រាប់រយពាន់ឧបស័គ ដោយសារតែបុគ្គលមួយចំនួនគាត់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំទេ។ ខ្ញុំ សរសេរនេះ រាងវែងអន្លាយបន្តិច នៅតែមិនអស់សេចក្តី មកពីរឿងរ៉ាវ វែងអន្លាយពេកដែរ​ សូមប្រិយមិត្ត យើងទស្សនារូបថត ស្តីអំពីការរីកចំរើន លើវិស័យចិញ្ចឹមជ្រូក រយៈពេល១៣ឆ្នាំ ក្រោយពីខ្ញុំបានទៅ បំពេញទស្សនកិច្ចនៅក្នុងប្រទេសមហាអំណាច សេដ្ឋកិច្ច។