យោងតាមសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីជនបរទេស ដែលស្នាក់នៅក្នុងព្រះសីហនុ ហើយលទ្ធផលតេស្តបានបញ្ជាក់ថា មានវិជ្ជមានវីរុសខូវីដ ១៩ ចំនួន០២នាក់រួមមាន៖
១- ស្ត្រីជនជាតិចិន អាយុ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត Alphard ស្លាកលេខ ៤៥៤៦ ហើយស្នាក់នៅសណ្ឋាគារ ជីងប៉ីព័រអ៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២- ស្ត្រីជនជាតិចិន អាយុ២២ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត (២នាក់ អ្នកបើកបរ) ហើយស្នាក់នៅសណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្នស្ត្រីជនជាតិទាំង២នាក់ ត្រូវបានដាក់នៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺខូវីដ ១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារជីងប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីងប៉ី ក្រុងព្រះសីហនុ ព្រមទាំងសណ្ឋាគារហ័ងហ្គ័នជាយី ជាបណ្តោះអាសន្ន៕