(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងបន្ទាន់ សុំអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការ ចាំបាច់ទេ សូមមេត្តាកុំចេញ ទៅខាងក្រៅ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលជំងឺកូវីដ- ១៩ ដែលយើងទាំងអស់គ្នាមើលមិនឃើញ ព្រោះអាចនិយាយបានថា ពេលនេះលំបាកជាង ព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ទៅទៀត ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹតក៏នៅមានច្រើន យើងមិនទាន់អាចរកឃើញ ។
ចំណែកតាមស្ថាប័ន ការបើកអង្គប្រជុំ ពន្យាបានគឺត្រូវពន្យា ពន្យាមិនបាន ក៏អាចធ្វើតាមអនឡាញ ហើយកម្មវិធី ដែលសម្តេចតេជោ គ្រោងនឹងទៅ ក៏ពិចារណាលុបផងដែរ។
ទន្ទឹងនឹងនេះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវបងប្អូនរៀបពិធីមង្គលការទាំងឡាយប្រសិនបើអាចពន្យាបាន គឺសុំពន្យាសិន។
សម្តេចជោ បានទទូចថា ក្នុងករណីដែលមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល៕