កណ្តាល៖ អាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេយីហោ ឡូហ្ស៊ិក២ តាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។
សមត្ថកិច្ចប្រាប់ថា ការចុះបិទទីតាំងខារ៉ាអូខេឡូហ្ស៊ិកនេះធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយយ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជម្ងឺកូវីដ១៩ ។
បុរសរូបនេះមានប្រពន្ធ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិក២ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំនេះ ជាបណ្តោះអាសន្ន ដោយរកអ្នកដែលពាក់ព័ន្ធយកសំណាកនិងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។
ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។ ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះស្រុកកំណើតនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្ន ផងដែរ ៕