សូមទោសអាមេរិក : ប្រទេសចិនឥឡូវនេះគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុបសម្រាប់ទំនិញ

50

(London CNN Business) ថ្ងៃពុធទី១៧កុម្ភៈ២០២១)៖ ឥឡូវនេះ អឺរ៉ុបកំពុងធ្វើពាណិជ្ជកម្មជាមួយចិន ច្រើនជាងជាមួយសហរដ្ឋអាមេរិក ជាសញ្ញាបង្ហាញអំពីរបៀបដែលជំងឺរាតត្បាត សកល(Pandemic) កំពុងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកនេះ។

ទិន្នន័យដែលចេញផ្សាយក្នុងសប្តាហ៍នេះ ដោយសេវាកម្មស្ថិតិនៃសហភាពអឺរ៉ុប(European Union’s statistics service) បានកត់សម្គាល់ថា មានការកើនឡើង៥,៦% ក្នុងការនាំចូលពីប្រទេសចិននៅឆ្នាំ២០២០ និងការកើនឡើងនៃការនាំចេញ២,២%។ ទន្ទឹមនឹងនេះមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយការនាំចូលបានធ្លាក់ចុះ ១៣,២% ហើយការនាំចេញធ្លាក់ចុះ៨,២%។ តម្លៃសរុបនៃពាណិជ្ជកម្មទំនិញអឺរ៉ុប-ចិនកាលពីឆ្នាំមុនមានចំនួន៥៨៦ពាន់លានអឺរ៉ូ(៧០៦ពាន់លានដុល្លារ) ពោលគឺប្រហែល៣១ពាន់លានអឺរ៉ូ (៣៧ពាន់លានដុល្លារ) ច្រើនជាងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

សេដ្ឋកិច្ចនៃប្រទេសចិនបានកើនឡើង២,៣% កាលពីឆ្នាំមុន ដោយសារប្រទេសនេះបានងើបឡើងវិញពីជំងឺរាតត្បាតសកល នៅពេលដែលសហរដ្ឋអាមេរិកបានធ្លាក់ចុះទិន្នផល៣,៥%។ ការណ៍នេះបាននាំឲ្យចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២លើពិភពលោកនោះ បង្កើននូវឥទ្ធិពលរបស់ខ្លួន។

ក្រុងព្រុចសែល(Bruxelles/Brussels)(1) កំពុងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិន ទោះបីជាមើលឃើញថាប្រទេសនេះជា”ដៃគូប្រកួតប្រជែងជាយុទ្ធសាស្ត្រ” និង “ជាគូប្រជែងជាប្រព័ន្ធ” ក៏ដោយ។

Note (1): ក្រុងព្រុចសែល (ប្រទេសប៊ែលហ្សិក) ត្រូវបានចាត់ទុកថា «ជារដ្ឋធានីតាមការជាក់ស្តែង» (de facto Capital) នៃសហភាពអ៊ឺរ៉ុប។

អឺរ៉ុបចែករំលែកនូវការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការអនុវត្តពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់ក្រុងប៉េកាំង។ ប៉ុន្តែកាលពីចុងឆ្នាំមុន សហភាពអឺរ៉ុបបានបង្ហើយកិច្ចព្រមព្រៀង វិនិយោគមួយ ជាមួយប្រទេសចិន ក្នុងគោលបំណងបង្កើនការចូលទៅកាន់ទីផ្សារនេះ។