ប្រមុខណាតូ(NATO) និយាយថាសម្ព័ន្ធមិត្តនឹងមិនដកកងទ័ពចេញពីអាហ្វហ្គានីស្ថានទេបើពេលវេលាមិនទាន់សមស្របនោះ

99

(អន្តរជាតិ)៖ កាលពីថ្ងៃច័ន្ទ លោកJens Stoltenberg ដែលជាអគ្គលេខាធិការអង្គការណាតូ(NATO)(1) បានជួបជាមួយកងកម្លាំងសម្ព័ន្ធមិត្តនៅអាហ្វហ្គានីស្ថាន ដើម្បីពិភាក្សាអំពីកាលបរិច្ឆេទក្រោយពេលកំណត់ក្នុងខែឧសភា(២០២១) ជាពេលដែលសហរដ្ឋអាមេរិកបានប្តេជ្ញាដកកងទ័ពដែលនៅសេសសល់របស់ខ្លួនចំនួន២៥០០នាក់ចេញពីប្រទេសនេះ។

Note (1): អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ជាភាសាអង់គ្លេសថា«ណាតូ»(NATO: North Atlantic Treaty Organization និងហៅកាត់ជាភាសាបារាំងថា«អូតង់»(OTAN: Organisation du traité de l’Atlantique nord)។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៤មេសា១៩៤៩។

នៅក្នុងសន្និសីទសារព័ត៌មានមុនកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិសម្ព័ន្ធមិត្តកាលពីចុងសប្តាហ៍មុននោះ លោកStoltenberg(2) បាននិយាយថា “ទោះបីជាគ្មានសម្ព័ន្ធមិត្តណាចង់ស្នាក់នៅអាហ្វហ្គានីស្ថានយូរជាងការចាំបាច់នោះក៏ដោយ ក៏យើងនឹងមិនចាកចេញមុនពេលវេលាដ៏សមស្របនោះទេ”។

Note (2): លោកJens Stoltenberg (កើតឆ្នាំ១៩៥៩) គឺជាអ្នកនយោបាយន័រវេស (Norwegian politician) ដែលបានបម្រើការជាអគ្គលេខាធិការទី១៣នៃណាតូ ចាប់តាំងពីឆ្នាំ២០១៤ (មានរូបថតភ្ជាប់)។

គេរំពឹងថារដ្ឋមន្រ្តីទាំងនោះនឹងពិភាក្សាអំពីជោគវាសនារបស់កងទ័ពសហរដ្ឋអាមេរិក និងណាតូ នៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែការឈានទៅដល់សេចក្តីសម្រេចយ៉ាងឆាប់រហ័សណាមួយ ស្តីពីអាហ្វហ្កានីស្ថាននោះ អាចជាការពិបាក ដោយហេតុថារដ្ឋការលោកBiden កំពុងពិនិត្យមើលថាតើនឹងដើរទៅមុខយ៉ាងដូចម្តេច។

លោកStoltenberg បាននិយាយថា អង្គការណាតូត្រូវការ “រកតុល្យភាពត្រឹមត្រូវរវាងការធ្វើឲ្យ ប្រាកដថាយើងមិននៅយូរជាងការចាំបាច់ទេ ប៉ុន្តែទន្ទឹមនឹងនេះយើងក៏មិនចាកចេញឆាប់ពេកដែរ”។

រដ្ឋការលោកBiden នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះដែលត្រូវធ្វើការសម្រេចថាតើត្រូវបញ្ចប់ការដាក់ពង្រាយយោធាជិត២០ឆ្នាំនៅអាហ្វហ្គានីស្ថានឬយ៉ាងណា។ ការដាក់ពង្រាយយោធានេះបានឆក់យកជីវិតជនជាតិអាមេរិកជិត២,៤០០នាក់។ ពួកអ្នកជំនាញនិងពួកមន្រ្តីអាមេរិកបានប្រាប់ទូរទស្សន៍CNNថា គ្មានជម្រើសណាល្អទេ ហើយក្តីសង្ឃឹមដ៏ល្អបំផុតនោះគឺការបញ្ចៀសនូវ “គ្រោះមហន្តរាយ” តែប៉ុណ្ណោះ។

កិច្ចព្រមព្រៀងរវាងតាលីបង់(Taliban)(3) និងអាមេរិកដែលបានចុះហត្ថលេខាដោយរដ្ឋការលោកTrumpនោះ បានតម្រូវឲ្យសហរដ្ឋអាមេរិកដកកងទ័ពចំនួន២៥០០នាក់ចុងក្រោយ មិនហួសពីខែឧសភា(២០២១) គឺធ្លាក់ចុះពី១៣.០០០នាក់កាលពីមួយឆ្នាំមុន។ រដ្ឋការលោកBiden កំពុងស្វែងរកច្រកចេញក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនោះ ប៉ុន្តែដោយពួកតាលីបង់បន្តធ្វើការវាយប្រហារដោយហិង្សានិងការសម្លាប់នោះ សហរដ្ឋអាមេរិកនៅសល់ជម្រើសល្អដ៏តិចតួចបំផុត។ មន្ត្រីអាមេរិកម្នាក់ដែលដឹងអំពីការពិភាក្សាផ្ទៃក្នុងនោះ បានហៅជម្រើសរបស់លោកBiden ថាជានំសែនវិច(Sandwich)។

Note (3): តាលីបង់(Taliban)ជាចលនានយោបាយឥស្លាម និងអង្គការយោធានៅអាហ្វហ្គានីស្ថាន កំពុងធ្វើ សង្គ្រាមនៅក្នុងប្រទេសនេះ។ ពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១ ពួកតាលីបង់បានកាន់កាប់អំណាចប្រហែលបីភាគបួននៃប្រទេសអាហ្វហ្គានីស្ថាន។

នៅពេលដែលគេជជីកសួរនោះ លោកអគ្គលេខាធិការណាតូមិននិយាយថាកាលបរិច្ឆេទផុតកំណត់នៅខែឧសភា(២០២១)នោះ ត្រូវបានគេបោះចោលទេ(4) ។ ប៉ុន្តែលោកក៏ដូចជាអាមេរិកកំពុងដាក់សម្ពាធទៅលើពួកតាលីបង់ឲ្យបន្ថយអំពើហឹង្សា និងកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវករ ដែលបញ្ហាទាំងពីរនេះជាល័ក្ខខ័ណ្ឌត្រូវបំពេញតាមកិច្ចព្រមព្រៀងនោះ។

Note (4): កិច្ចព្រមព្រៀងដើម្បីនាំមកនូវសន្តិភាពដល់អាហ្វហ្គានីស្ថានត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០។ សហរដ្ឋអាមេរិកប្តេជ្ញាដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល១៤ខែបន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងនេះ។