ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបំភ្លឺជូន ម្ចាស់ហ្វេសបុកឈ្មោះ ស្រីពេជ្រ ប៉ោយប៉ែត រឿងពិន័យ

704

(សៀមរាប) ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៨ និង០០នាទីព្រឹក កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវកែងអង្គភាពបេតិកភណ្ឌ ជិតចំណតឡានប្រាសាទអង្គរវត្ត (ផ្លាកសញ្ញាឯកទិស) បានធ្វើការឃាត់រថយន្តចំនួន ០៣គ្រឿង ដែលបានបើកបររថយន្តល្មើសផ្លាកសញ្ញាឯកទិសទាំង០៣គ្រឿងដើម្បីយកធ្វើការពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរ និងរួមដំណើរធ្វើការប្រកែកតវ៉ាទៅនឹងអំពើល្មើសខាងលើនេះ ។

សមត្ថកិច្ចបានធ្វើការពិន័យរថយន្តចំនួន ០១គ្រឿង និងបានអប់រំណែនាំរថយន្តចំនួន ០២គ្រឿងទៀត ដែលល្មើសផ្លាកសញ្ញាឯកទិសដូចគ្នា (សាច់ញាត្តិរបស់គាត់) ។ ដែលមានបង្កាន់ដៃពិន័យអន្តរការណ៍លេខ០០៩៤៩៤២ និងបង្កាន់ដៃបង់ប្រាក់ពិន័យលេខ ០៧០-២-១០០០០៣២៣៦៨ ចំនួនទឹកប្រាក់ ១៥០,០០០៛ (ដប់ប្រាំម៉ឺនរៀល) ចុះថ្ងៃទី០៤/០១/២០២១ តាមមាត្រា៧ ចំណុច៣ឋ នៃអនុក្រឹត្យលេខ ៣៩ អនក្រ.បក អំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

សេចក្តីដូចបានជម្រាបជូនខាងលើនេះសូមសាធារណៈជន អ្នកសារពត៌មាន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុកមេត្តាជ្រាបជាពត៌មាននឹងឈប់មានការយល់ច្រឡំទៅលើសមត្ថកិច្ចយើងពេលចុះរឹតបន្តឹងច្បាប់ ។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលសៀមរាបតែងតែគាំទ្រជានិច្ចនូវមតិរិះគន់គ្រប់ពេលវេលា ។ ថ្ងៃនេះ ថ្ងៃស្អែក សូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ។