លោក ហ៊ុន ម៉ានី ៖ មិនថាពុកឋិតក្នុងតួនាទីអ្វី ពុកហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រយោជន៏ជាតិ និងមាតុភូមិ ជាអាទិភាពខ្ពស់បំផុត

680

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានសរសេររៀបរាប់អំពីលោកឱពុក​ គឺសម្តេចតេជោ ហ៊ុន សែន ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រយោជន៏ជាតិ និងមាតុភូមិ ជាអាទិភាពខ្ពស់បំផុត។

យោងតាមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី បានបង្ហោះយ៉ាងដូច្នេះថា «ពុកជាគ្រូ ពុកជាថ្នាក់ដឹកនាំ ហើយពុកក៏ជាលោកឪពុកដែលមានព្រហ្មវិហារធម៌។ មិនថាពុកឋិតក្នុងតួនាទីអ្វី ពុកតែងតម្កល់ប្រយោជន៏ជាតិ និងមាតុភូមិ ជាអាទិភាពខ្ពស់បំផុត។ ក្នុងបេសកកម្មនេះ ពុកហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីតែជីវិតផ្ទាល់ខ្លួន។ សូមចូលរួមអបអរសាទរពុក ក្នុងទិវានៃការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ១៤ មករា ១៩៨៥–១៤ មករា ២០២១»។

គួររំលឹកថា នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។
មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕