អភិបាលខេត្តកណ្ដាល ព្រមានដក ប្រធានគណៈកម្មការ នឹងមន្ត្រី ពាក់ពន្ធ័និងបញ្ហា លើបញ្ហាឡានដឹកដី ដឹកខ្សាច់ ធ្វើអោយខូចសោភ័ណភាព និង ប៉ះពាល់សុខភាពប្រជាពលរដ្ឋ

603

(កណ្ដាល) ៖ នៅក្នុងកិច្ចប្រជុំពិនិត្យការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងការដឹកដី ដឹកខ្សាច់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅសាលាខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើឱ្យបង្កើតគណៈកម្មការមួយ ដែលមានលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ជាប្រធាន និង មានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ជាអនុប្រធាន ដើម្បីធ្វើការអនុវត្តលើបញ្ហាឡានដឹកដី ដឹកខ្សាច់ ដែលធ្វើអោយខូចសោភ័ណភាព និង ប៉ះពាល់សុខភាពប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា បញ្ហារថយន្តដឹកដី ដឹកខ្សាច់ ធ្វើឱ្យហុយ និង ស្ទះចរាចរជាញឹកញាប់នៅក្នុងក្រុងតាខ្មៅ មិនមែនជាបញ្ហាធំដុំនោះទេ ប៉ុន្តែបណ្ដាលមកពីមន្ត្រី អនុវត្តនៅស្ទើរ ដោយមើលគ្នាទៅវិញទៅមក និង មានការច្រណែនគ្នា ទើបបណ្ដាលឱ្យរថយន្តដឹកដី ដឹកខ្សាច់ បង្ករភាពអនាធិបតេយ្យ ធ្វើឲ្យស្ទះចរាចរណ៍ និង បណ្ដាលឱ្យមានខ្សាច់ជ្រុះពេញផ្លូវ ធ្វើឱ្យហុយដី ខូចសុខភាពរបស់ប្រជាពលរដ្ឋ និង បណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗផងដែរ ។

លោកបន្ដថា បើមន្ត្រីទាំងអស់ អនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយធ្វើការចាប់រថយន្តដែលខុសលក្ខណៈបច្ចេកទេស ដឹកលើសទម្ងន់ ដឹកខុសបទដ្ឋានបច្ចេកទេស និងមិនគោរពច្បាប់ចរាចរណ៍ មកធ្វើការពិន័យ និងផ្ដន្ទាទោសទៅតាមច្បាប់ផ្លូវថ្នល់ដែលបានកំណត់ និងអនុវត្តតាមសារាចរ លេខ០៣១០ របស់ក្រសួងរ៉ែ និងថាមពល ស្ដីពីវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ឱ្យបានខ្ជាប់ខ្ជួន ផ្លូវរបស់យើងនៅក្នុងក្រុងតាខ្មៅ នឹងមិនបណ្ដាលឱ្យមានខ្សាច់ជ្រុះពេញផ្លូវច្រើនទេ ព្រមទាំងកាត់បន្ថយនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗផងដែរ ។

លោកអភិបាលខេត្ត ក៏បានស្នើឱ្យបង្កើតគណៈកម្មការមួយ ដែលមានអភិបាលក្រុងតាខ្មៅ ជាប្រធាន និងមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលជាអនុប្រធាន ដើម្បីធ្វើការអនុវត្តនូវលើកិច្ចការងារនេះ ហើយក្នុងករណីដែលការអនុវត្តនេះមិនមានភាពល្អប្រសើរទេ លោកបានព្រមានថានឹងដកមន្ត្រីពាក់ព័ន្ធទាំងអស់ ដោយត្រូវប្ដូរប្រធានថ្មីដើម្បីអនុវត្តទៅលើកិច្ចការងារនេះ ផងដែរ។

ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានសំណូមពរដល់ម្ចាស់ដេប៉ូទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានគ្រប់គ្នាៗ បើមិនដូចនោះទេ អាជ្ញាធរខេត្ត ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មានការយោគយល់ឡើយ ៕