កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

599

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍កម្ពុជា បានសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ បានចុះផ្សាយរបាយការណ៍ ស្ដីពីការផ្ដល់ចំណាត់ថ្នាក់ដល់ប្រទេស ដែលគ្រប់គ្រងជំងឺកូវីដ-១៩បានល្អបំផុតនៅលើពិភពលោក។ ក្នុងនោះប្រទេសកម្ពុជាឈរនៅលើចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីSaint Kitts និងNevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៊ីប និងស៊ីស្សែល។

ជាងនេះទៅទៀត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ដដែល ក៏បានចុះផ្សាយរបាយការណ៍របស់ខ្លួនថ្មីថា «កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩»ដែលមានពិន្ទុ១/១(១ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ថ្នាក់)ក្នុងចំណោម១៦៦ប្រទេសនៅលើពិភពលោក បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុណេ ដែលមានពិន្ទុ០,៩៩។

ក្រសួងទេសចរណ៍ តាមរយៈសេចក្ដីប្រកាសរបស់ខ្លួនដដែល បានបញ្ជាក់ទៀតថា ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដឥ១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនា ទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដឥ១៩។ ចំណាត់ថ្នាក់នេះ ជាមោទនភាពជាតិមួយផ្សេងទៀតរបស់ប្រទេសកម្ពុជា និងជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយ«កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ» ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់។

ជាមួយគ្នានេះក្រសួងទេសចរណ៍ ក៏បានអបអរសាទរចំពោះការជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា និងស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ក្នុងការផ្សព្វផ្សាយដំណឹងដ៏រីករាយនេះ ដល់ដៃគូពាក់ព័ន្ធ ទេសចរជាតិ អន្តរជាតិទាំងអស់នៅជុំវិញពិភពលោកថា «កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩។

សូមជម្រាបថា ចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ដើមឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ចំនួន៣៩៨ករណី និងបានព្យាបាលឲ្យជាសះស្
បើយចំនួន៣៧៦នាក់ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅសល់តែ២២នាក់តែប៉ុណ្ណោះ។ ក្នុងនោះនៅក្នុងប្រទេសកម្ពុជា ពុំមានអ្នកជំងឺកូវីដ-១៩ណាម្នាក់បានស្លាប់នោះឡើយ៕