សម្តេចតេជោ ហ៊ុន សែន ប្រកាសទាត់ចោលការផ្សាយរបស់សារព័ត៌មាន Nikkei Asia ដែលបានផ្សាយថា “កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន”

633

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន សូមប្រកាសទាត់ចោលទាំងស្រុងចំពោះការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនរបស់ដូចជា Nikkei Asia និងផ្សាយបន្តដោយសារព័ត៌មានថៃថា កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន។ នេះបើយោងតាមការដកស្រង់ចេញពីសារព័ត៌មាន FN នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នំ២០២១នេះ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនដែលបាននិយាយបែបនេះទេ មិនដែលបានលើកឡើងអំពីវ៉ាក់សាំងឈ្មោះនេះ ឬឈ្មោះនោះទេ យើងទទួលយកតែវ៉ាក់សាំង ណាដែលទទួល ស្គាល់ដោយអង្គភាពសុខភាពពិភពលោកតែប៉ុណ្ណោះ ការចេញផ្សាយរបស់សារព័ត៌មាននេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ»។

ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់សារព័ត៌មានខាងលើបានសរសេរផ្សាយថា «ហ៊ុន សែន និយាយមិនយកវ៉ាក់សាំង Sinovac របស់ចិន កម្ពុជាមិនមែនធុងសំរាម មិនមែនកន្លែងពិសោធន៍វ៉ាក់សាំង ប្រជាជនកម្ពុជាមិនមែនសត្វកណ្ដុរសម្រាប់សាកល្បងវ៉ាក់សាំង បើទិញចំពោះវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO និង COVAX ប៉ុណ្ណោះ»៕