ព្រះទម្រង់អសិដងវែង

482

ព្រះទម្រង់អសិដងវែង ឬហៅជាភាសាសាមញ្ញថា ដាវដងវែងនេះជាគ្រឿងព្រះរាជសាស្ត្រាវុធសំខាន់មួយក្នុងចំណោមគ្រឿងព្រះរាជសាស្ត្រាវុធនានាសម្រាប់អង្គព្រះមហាក្សត្រ។ នៅសម័យបុរាណ ព្រះទម្រង់អសិដងវែងនេះត្រូវជាគ្រឿងអាវុធសម្រាប់អង្គព្រះមហាក្សត្រទ្រង់ប្រើប្រាស់ពេលស្តេចយាងចេញធ្វើព្រះរាជសង្គ្រាមលើខ្នងដំរី ឬនៅលើព្រះរាជរថជាដើម។

នៅពេលអង្គព្រះមហាក្សត្រស្តេចប្រថាប់លើព្រះទីនាំងគជេន្ទ្រសឹកនោះ គ្រឿងសាស្ត្រាវុធដងវែងទាំងឡាយត្រូវបានគេសៀតនៅលើញ៉ែងដំរីផ្នែកខាងឆ្វេងនិងខាងស្តាំហើយបែរផ្លែអាវុធទៅក្រោយ ប្រសិនបើអង្គព្រះមហាក្សត្រប្រាថ្នានឹងប្រើអាវុធណាមួយនោះ ទ្រង់នឹងត្រាស់ទៅកាន់មន្ត្រីជំនាញសឹកដែលទុំនៅពីក្រោយ ដើម្បីហុចអាវុធថ្វាយព្រះអង្គ។

ព្រះទម្រង់អសិដងវែងមានលក្ខណៈទ្រង់ទ្រាយដូចគ្នាទៅនឹងដាវដងវែងដែលទ័ពសាមញ្ញប្រើប្រាស់ដែរតែត្រូវបានរចនាយ៉ាងល្អវិចិត្រ នៅគល់ផ្លែមានក្បាំងរាងមូល ផ្លែដាវមានរាងដូចផ្លែដាវធម្មតាទាស់តែថាមានប្រវែងខ្លីជាងបន្តិច មៀនធ្វើពីប្រាក់កាឡៃមាស ដងស្រោបមាសហើយធ្វើជាថ្នាំងៗ ឯស្រោមស្រោបមាសហើយមានក្បាច់ភ្ញី។ ព្រះទម្រង់អសិដងវែងនេះមានពីរអង្គ អង្គទី១មានដងស្រោបមាស អង្គទី២មានដងមានដងធ្វើពីឈើ។

ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ វេលាស្តេចយាងចេញបំពេញព្រះរាជកិច្ច ក្រុមមហាតលិកតែងតែអញ្ជើញព្រះទម្រង់អគ្គី(កាំ ភ្លើ ង) ព្រះទម្រង់អសិដងខ្លី(ព្រះទម្រង់អសិមាស) និងព្រះទម្រង់អសិដងវែង ទៅតាំងនៅទីដែលស្តេចត្រូវគង់ ពីខាងស្តាំជាមុនជានិច្ច(ព្រះទម្រង់អសិដងខ្លី ត្រូវហែរតាមព្រះរាជដំណើរ) ៕

ប្រភព: ឯកសារព្រះរាជពិធីទ្វាទសមាសភាគមួយ