អត្ថបទស្វែងយល់ ៖ តើអ្វីខ្លះជាបេតិកភណ្ឌអង្គរ?

264

អង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២មក ប៉ុន្តែនៅតែមានអ្នកយល់ច្រឡំថា ការចុះបញ្ជីបេតិកភណ្ឌនេះ គឺសំដៅទៅលើប្រាសាទអង្គរវត្ត។ តាមពិតមិនមែនមានតែប្រាសាទអង្គរវត្តមួយទេ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺអង្គរវត្ត គ្រាន់តែជាប្រាសាទមួយក្នុងចំណោមប្រាសាទជិត១០០ ដែលបានចុះបញ្ជី។ បេតិកភណ្ឌអង្គរដែលបានចុះបញ្ជីនេះគឺរមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះ មានផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា ដែលបែងចែកជាបីតំបន់ធំៗគឺ ៖ តំបន់កណ្តាលដែលមានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ។ល។ មានផ្ទៃដីសរុប ៣៥១០០ហិកតា។ តំបន់ខាងជើងដែលមានប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ២០០០ហិកតា។ តំបន់ខាងត្បូង ឬហៅថា តំបន់រលួសដែលមានប្រាសាទបាគង ព្រះគោ លលៃ។ល។ មានផ្ទៃដីសរុប ៣០០០ហិកតា។ សរុបតំបន់ទាំងបីនេះមក ហៅថា ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ។
ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ ប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


+ប្រាសាទ
ក្នុងពេលដែលអង្គរត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក មានប្រាសាទ ស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រសរុបចំនួន៩១។ ត្រង់ចំណុចនេះ អ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ចំនួន៩១ ដែលមានក្នុងចុះបញ្ជីកាលណោះ ដោយសារយោងតាមបញ្ជីចាស់ ដែលធ្លាប់បានស្រាវកន្លងមក និងដោយត្រួសៗប៉ុណ្ណោះ។ តែក្រោយមកទៀត អ្នកបុរាណវិទ្យាបានរកឃើញប្រាសាទ និងស្ថានីយបុរាណរាប់រយទៀត ដែលស្ថិតនៅក្នុងតំបន់អង្គរ តែមិនទាន់មានឈ្មោះនៅក្នុងបញ្ជីនៅឡើយ។ លោកបានលើកឧទាហរណ៍ថា គ្រាន់តែប្រភេទឧបោសថាគារនៅអង្គរធំ ជុំវិញប្រាសាទបាយ័ន និងក្នុងព្រៃមានដល់ទៅ១០០ ហើយគ្រឹះប្រាសាទដែលកប់ក្នុងព្រៃក៏មានដល់ទៅរាប់រយទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

+បរិស្ថាន
បរិស្ថានដែលសំខាន់នៅតំបន់អង្គរ គឺព្រៃឈើ និងទឹក។ តាមសិ្ថតិជំរឿនព្រៃឈើក្នុងឆ្នាំ២០១៣ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ព្រៃឈើនៅក្នុងឧទ្យានអង្គរមានប្រមាណជាង៥៧០០ហិកតា គឺស្មើនឹង១៣%នៃផ្ទៃដីទាំងមូល។ ព្រៃឈើមិនត្រឹមជាប្រភពនៃភ្លៀងប៉ុណ្ណោះទេ តែមានតួនាទីពិសេសសម្រាប់ប្រាសាទ ធ្វើជារនាំងការពារប្រាសាទ ទប់ទល់នឹងខ្យល់ព្យុះភ្លៀងខ្លាំងដែលបក់បោកមកលើប្រាសាទ និងជាម្លប់ការពារប្រាសាទទៀតផង។ ជាពិសេសព្រៃឈើប្រៀបដូចជាសម្លៀកបំពាក់ ឬជាអលង្ការ ដែលធ្វើឲ្យប្រាសាទមានភាពរឹងរឹតតែស្រស់បំព្រងថែមទៀត។ ប្រាសាទតាព្រហ្ម គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបានទាក់ទាញទេសចររាប់ពាន់នាក់ចូលទៅទស្សនារៀងរាល់ថ្ងៃ។ ក្រៅពីព្រៃឈើ ទឹកជាបរិស្ថានដ៏សំខាន់មួយទៀតផ្សារភ្ជាប់ខ្លួននឹងអង្គរដែរ។ កាលណាគេនិយាយពីអង្គរ គេតែងនឹកដល់បារាយណ៍ខាងលិច ដែលហៅថា បារាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ជាពិសេសសម្រាប់ការងារកសិកម្មរហូតដល់សព្វថ្ងៃ។ បារាយណ៍ខាងជើង ដែលបានរីងស្ងួតទឹកជាង៥០០ឆ្នាំកន្លង ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលប្រព័ន្ធទឹកបុរាណ បញ្ចូលទឹកពេញ ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្តាលគួរឲ្យចង់គយគន់ក្រៃលែង។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ ហាក់ដូចជាសរសៃឈាមនៃរាងកាយរបស់មនុស្សយើងដូច្នោះដែរ។ បណ្តាញធារាសាស្ត្រដ៏ធំនេះ គឺសម្រាប់បញ្ជៀសទឹកជំនន់ មិនឲ្យលិចលង់ដល់ប្រាសាទ និងក្រុងសៀមរាបទាំងមូល។ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹកផ្ទុកនូវសំណើមជាប្រចាំ ថែរក្សាគ្រឹះប្រាសាទដែលជាខ្សាច់កុំឲ្យស្ងួត ធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


+ប្រជាជន
តំបន់ជុំវិញប្រាសាទសុទ្ធតែជាភូមិ។ ភូមិក្នុងឧទ្យានអង្គរបច្ចុប្បន្នមាន១១៣ភូមិ ២១ឃុំសង្កាត់។ ភូមិទាំងនេះមានប្រជាជនរស់នៅតៗគ្នារាប់ជំនាន់មកហើយ ដែលបានផ្តល់ឲ្យនូវលក្ខណៈពិសេសដល់ឧទ្យានអង្គរ ឲ្យទៅជាមត៌ករស់។ អ្នកស្រុកទាំងនេះ ត្រូវបានចាត់ទុកថាជាបេតិកភណ្ឌដែរ ដោយសារអ្នកទាំងនោះបានថែរក្សាបេតិកភណ្ឌអរូបីដែលមាន ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំថ្ងៃ តាំងពីយូរលង់មកហើយ។ ភាសានិយាយក៏ជាមត៌កដែរ ដូចជាអ្នកភូមិប្រដាក ភូមិអូរទទឹង ជាដើម មានភាសា និងសំនៀងប្លែកពីគេឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្តទុកដាក់ នៅតែកំពុងបន្តប្រតិបត្តិដោយអ្នកស្រុកអង្គរនៅឡើយ។ ទំនៀមទាំងនោះមានដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង ។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រង អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណាឲ្យទំនៀមទាំងនេះអាចគង់វង្សតកូនតចៅរហូតតទៅ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ ៖ អាជ្ញាធរជាតិអប្សរា