មន្ដ្រីនគរបាលម្នាក់ ត្រូវបានពលរដ្ឋប្ដឹងចោទប្រកាន់ថា ឆបោកលុយ ៥០០០ដុល្លា រឿងធានានាំចូលក្របខណ្ឌនគរបាលជាតិ

1046

បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋម្នាក់ឈ្មោះ សេង សុគន្ធា អាយុ ៣០ឆ្នាំ បច្ចុប្បន្នមានទីលំនៅក្នុងភូមិ កោះពងសត្វ សង្កាត់ កោះពងសត្វ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រាប់ឲ្យដឹងថា គាត់ត្រូវបានចាញ់បោកលោក រ៉ែម វីរ: បំរើការងារនៅបណ្ឌិតសភានគរបាលកម្ពុជា អស់ចំនួន ៥០០០ដុល្លារ។

ដោយសារលោក រ៉ែម វីរៈ បានធានាអះអាងថា អាចនាំចូលក្រមខណ្ឌនគរបាលជាតិបាន តែត្រូវ បង់ប្រាក់ចំនួន ៥០០០ដុល្លា ដោយបង់ជា បីដំណាក់កាល លើកទី១: ចំនួន ៣៥០០ដុល្លា លើកទី២: ចំនួន ១០០០ដុល្លា និងលើកទី៣: ចំនួន៥០០ដុល្លា ផ្ញើតាមរយៈវីង ។

លោក សេង សុគន្ធា បានបន្តថា នៅក្នុងកិច្ចសន្យា គឺលោក រ៉ែម វីរ: បានកំណត់ឲ្យដាក់ថា (កិច្ចសន្យាចងការប្រាក់) មិនឲ្យសរសេរថា នាំចូលជាក្របខណ្ឌនគរបាលជាតិនោះទេ។
ក្រោយមកដោយសាររង់ចាំបាត់ៗ បន្ទាប់ពីជនរងគ្រោះបានរករឿង លោក រ៉ែម វីរ: អ្នកទាំងពីរបាន ណាត់ជួបគ្នានៅប៉ុស្តិ៍រដ្ឋបាលនគរបាលកោះពងសត្វ ដោយបានយល់ព្រមធ្វើកិច្ចសន្យាថា នឹងសងប្រាក់ចំនួន៤០០០ដុល្លា នៅថ្ងៃទី១៨ ខែ០៦ ឆ្នាំ២០២០ អោយលោក សេង សុគន្ធា ។

លោក សេង សុគន្ធា បន្តថា ក្រោយធ្វើកិច្ចសន្យារួចមក លោក រ៉ែម វីរ: នៅតែមិនព្រមសងទើបលោកសំរេចចិត្តដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ តែរហូតមកដល់ថ្ងៃនេះនៅមិនទាន់ឃើញ ក្រសួងមហាផ្ទៃចាត់វិធានការណាមួយចំពោះលោក រ៉ែម វីរៈ ជាបុគ្គលិកបំរើការងារនៅបណ្ឌិតសភានគរបាលកម្ពុជាឡើយ។

ជាចុងក្រោយនេះលោក សេង សុគន្ធា សូមស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ និង ចាត់ការតាមច្បាប់ចំពោះបុគ្គលឆបោក ឈ្មោះ រ៉ែម វីរ: នេះផងចុះ។ ពាក់ព័ន្ធនិងបញ្ហានេះ ភ្នាក់ងារព័ត៌មាននៅមិនទាន់បានទទួលការបំភ្លឺពីលោក រ៉ែម វីរ: បាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទ និងរងចាំការបកស្រាយជានិច្ច៕