លោក ចូ បៃដិន ឈានចូលវ័យ «៧៨ឆ្នាំ» នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ហើយលោកនឹងក្លាយជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រ

37

(វ៉ាស៊ីនតោន)៖ នៅថ្ងៃសុក្រ ទី២0 ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាថ្ងៃខួបកំណើតគំរប់អាយុ ៧៨ឆ្នាំ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន។ បាំងតែចំនួន ២ខែទៀតប៉ុណ្ណោះ លោក ចូ បៃដិន នឹងត្រូវស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកអាណត្តិថ្មី និងជាប្រធានាធិបតី ដែលមានវ័យចំណាស់បំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងត្រូវមានបន្ទុកធ្ងន់ធ្ងរជាច្រើនរង់ចាំលោកដោះស្រាយដូចជា ជំងឺរាតត្បាតសកល COVID-19, កំណើននៃការបាត់បង់ការងារធ្វើ និងការកសាងយុត្តិធម៌សង្គមឡើងវិញ ជាពិសេសគឺបញ្ហារើសអើងជនជាតិស្បែកខ្មៅ ហើយកាតព្វកិច្ចនេះគឺនឹងតម្រូវឲ្យលោកចំណាយកម្លាំងកាយ និងចិត្តមិនស្ទើរនោះឡើយនៅក្នុងអាណត្តិប្រធានាធិបតី ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីដែលជាប់កំណត់ត្រាលើកមុន ក្នុងនាមជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុតនោះគឺលោក រ៉ូណាល់ រីហ្គែន (Ronald Reagan)។ លោក Ronald Reagan បានចប់អាណត្តិទី ២ របស់លោកក្នុងសេតវិមានកាលពីថ្ងៃឆ្នាំ១៩៨៩ ដែលកាលណោះលោកមានអាយុ ៧៧ឆ្នាំ និង ៣៤៩ថ្ងៃ៕