រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកំណត់ព្រំ​ប្រទល់​ខេត្ត.ក្រុង.ស្រុក.ខណ្ឌ និងឃុំ.សង្កាត់ ដើម្បី​ងាយស្រួលបម្រើការបោះឆ្នោតក្រុមប្រឹក្សា​​ឃុំ/សង្កាត់អាណត្តិទី៥

849

ដើម្បីបង្កលក្ខណះងាយស្រួល និងបម្រើដល់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៥ ខាងមុខនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកំណត់ព្រំប្រទល់ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម ម៉ុម សារឿន គណៈអភិបាលខេត្តកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានជំរុញឲ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត ដែលបានបង្កើតនាពេលកន្លងមក ឲ្យធ្វើការសិក្សា និងវាយតម្លៃលម្អិតឲ្យបានច្បាស់លាស់ អំពីស្ថានភាពព្រំប្រទល់រដ្ឋ     បាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកបន្តថា ការកំណត់ព្រំប្រទល់រដ្ឋបាលនេះ ត្រូវធ្វើឡើងដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ។

ឯកឧត្ដម ម៉ុម សារឿន បានមានប្រសាសន៍ថា ដោយផ្អែកតាមស្ថានភាព ជាក់ស្តែង នាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅតំបន់មួយចំនួន បានធ្វើការកំណត់ច្បាស់លាស់រួចហើយ ប៉ុន្តែតំបន់ខ្លះនៅមិនទាន់បានសិក្សា និងកំណត់ឲ្យបានច្បាស់លាស់នៅឡើយទេ ដែលជាហេតុនាំឲ្យមានការប្រទាញប្រទង់ដណ្តើមសមត្ថកិច្ចគ្នា ក្នុងការគ្រប់គ្រង និងបានជះឥទ្ធិពលមិនល្អដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងកិច្ចការផ្សេងៗទៀតនៅតំបន់ទាំងនោះ ។ ឯកឧត្ដមបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ និងព្រំប្រទល់រដ្ឋបាលមិនទាន់មានភាពច្បាស់លាស់ឲ្យសម្រេចបានទាន់ពេលវេលា សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នាពេលខាងមុខ​។ ឯកឧត្ដម បានជំរុញឲ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលបានបង្កើតនាពេលកន្លងមក ឲ្យធ្វើការសិក្សា និងវាយតម្លៃលម្អិតឲ្យបានច្បាស់លាស់ អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ ៕