ពិត​ជា​ឃោរឃៅ​ណាស់​ អារ​ ក​ សម្លាប់​ក្មេង​ប្រុស​អាយុ​១១ខែ​ និង​​ដេញ​កាប់​ទាំង​​សមត្ថកិច្ច​ទៀត​ ហេីយឆ្លេីយ​សារភាពថា​«មក​ពី​ខឹង​ជ្រុល​»

1367

កំពង់ចាម​:​ ពិត​ជា​ឃោរឃៅ​ព្រៃផ្សៃ​ណាស់​​ ដោយ​បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់​អារ​ ក​ សម្លាប់​ក្មួយ​​ចិញ្ចើម​​ ​អាយុ​១១ខែ​ ហេីយដេញ​កាប់ទាំង​​សមត្ថកិច្ច​ទៀត​ ក្រោយ​ពី​ចាប់​ខ្លួន​បាន​ ជនសង្ស័យ​បាន​​ឆ្លើយ​សារភាព​យ៉ាង​ខ្លី​​ថា​ «មកពី​ខឹង​ជ្រុល​​» ។​ ករណី​ឃាតកម្ម​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​វេលាម៉ោង​៦និង​៣០​ ព្រលប់​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតក្នុង​ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាន់​ដន​ អធិការ​នគរបាល​ស្រុក​កំពង់សៀម​ បាន​ឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ​ ​បាន​យក​កាំបិត​អារ​ ក​ សម្លាប់​​ក្មេង​ប្រុសរងគ្រោះ​ឈ្មោះ​ ប៊ុនថុន សុខចំរើន អាយុ១១ខែ (ត្រូវជាកូន​របស់​បង​ជន​សង្ស័យ​​សុំគេយកមក​ចិញ្ចឹម) អ្នក​ទាំង​ពីរ​មានទីលំនៅ​ក្នុង​ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង និងកម្លាំងប្រជាការពារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត សម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ដេីម្បី​ធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង២១និង៣០នាទី សមត្ថកិច្ចបានរកឃើញជនសង្ស័យខាងលើ ដោយគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវ​ ​ដេញកាប់​សមត្ថកិច្ច​ បណ្តាលឲ្យត្រូវ​ចំខ្នងកម្លាំងប្រជាការពារម្នាក់​ ហើយ​ក៏​ត្រូវ​កម្លាំង​ជំនាញ​ចាប់​ខ្លួន​បាន​​សម្រេច​។

លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាន់​ដន​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ចាប់​ខ្លួន​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​យ៉ាង​ខ្លី​ថា​ «មក​ពី​​ខឹង​ជ្រុល»​ ទេីប​ធ្វើ​ដូច្នោះ​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ​ និង​​កសាង​សំណុំរឿងតាមនីតិវិធី​ច្បាប់​ ៕