សាលាឆាន់មួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងនៅ​ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

850

(ព្រៃវែង)៖ សាលាឆាន់មួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដោយសារការដុតទៀនធូប ហើយពុំបានពន្លត់ កាលពីវេលាម៉ោង០៤៖២០នាទីទៀបភ្លឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវត្តប្រាសាទ ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មានករណីភ្លើងឆេះសាលាឆាន់១ខ្នង ធ្វើអំពីឈើដំបូលប្រក់ក្បឿងមានទំហំ ២៤ម៉ែត្រ គុណ១៨ម៉ែត្រ មូលហេតុបណ្ដាលមកពីភ្លើងទៀន នៅលើសាលាឆាន់ដុត ហើយភ្លេចពន្លត់ជាហេតុធ្វើឲ្យឆាបឆេះតែម្តង។

សមត្ថកិច្ចបានបន្តថា អគ្គិភ័យបានឆេះសាលាឆាន់អស់ទាំងស្រុង នឹងរងការខូចខាតទ្រព្យសម្បត្តិរួមមាន ព្រះពុទ្ធរូបធំ ចំនួន៧អង្គ ព្រះពុទ្ធរូបតូចចំនួន ៩អង្គ ដែក V ១៨លី ចំនួន១៤តោន ស៊ីម៉ង់ត៍ចំនួន១៥តោន តាលេថងចំនួន១ ក្ដាពុម្ភត្រៀមចាក់ធ្នឹមសាលាធម្មសភាថ្មី ទិញអស់ជាង ៤,០០០ដុល្លារ ព្រំ កន្ទេល ចាន ឆ្នាំង និង សម្ភារជាច្រើនទៀត សរុបជាថវិកាប្រហែល១០០,០០០,០០០រៀល។

ក្នុងហេតុការណ៍នេះដែរ លោកអភិបាលស្រុកកំពង់ត្របែក និងលោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះមកផ្ទាល់ និងប្រើប្រាស់ឡានទឹក១គ្រឿង បាញ់ទឹកអស់៤ឡានផងដែរ៕