សម្តេចតេជោ ហ៊ុន សែន ៖ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា !

839

(ភ្នំពេញ) ៖ ​បន្ទាប់ពីការធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា និងការធ្វើការតេស្តលើកទី៤ ដែលបង្ហាញថាអវិជ្ជមានវីរុសកូវីដ-១៩នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញវត្តមានជាលើកដំបូង នៅឯទីលានវាយកូនគោល នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅលើផេកផ្លូវការនាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។ សម្ដេចតេជោបានបន្តថា ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសម្ភារថ្មី ពិនិត្យឃើញថាកម្លាំង វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។

សមក្តេចតេជោក៏សូមអភ័យទោសដែលសម្តេចយកថ្ងៃធ្វើការ មកវាយកូនគោលតែសម្តេចបានពិនិត្យសម្រេចនិង ចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចសម្តេចបន្តការងារដដែល។ សម្ដេចតែចនាយករដ្ឋមន្ត្រីបាបបញ្ជាក់ថា មូលហេតុដែលខ្ញុំធ្វើដូចនេះ ក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា។

គួរបញ្ជាក់ដែរថា បើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១ ៤២២ នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី ៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះជាលទ្ធផលដ៏ល្អមួយសម្រាប់កម្ពុជា ដែលឈានទៅរកការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ស្របតាមសេចក្តីប្រកាសនៅក្នុងទំព័រហ្វេសបុក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយការគិតគូរខ្ពស់បំផុតដល់សុខទុក្ខ និងការ រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយក៏សម្រាប់ការបានវិលត្រឡប់ ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញផងដែរ។