មន្ត្រីអាវុធហត្ថខណ្ឌដង្កោមួយរូប ចេញពីជួយសង្គ្រោះពលរដ្ឋលិចលង់ដោយជំនន់ទឹកភ្លៀង ជិះម៉ូតូត្រលប់មកផ្ទះវិញ ត្រូវរថយន្តបុកបាក់ជើងម្ខាង ហើយបើករត់បាត់

596

រាជធានីភ្នំពេញ៖ មន្ត្រីអាវុធហត្ថខណ្ឌដង្កោមួយរូប ទើបចេញពីជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀង ជិះម៉ូតូត្រលប់មកផ្ទះវិញ បែរជាត្រូវរថយន្តបុកបាក់ជើងម្ខាង ហើយបើករត់បាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខធនាគារABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសម្ដីភរិយារបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់មានឈ្មោះ យស ពិសិដ្ឋ អាយុ៤០ឆ្នាំជាង មុខរបរមន្ត្រីអាវុធហត្ថខណ្ឌដង្កោ ស្នាក់នៅជាមួយគាត់នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HK-0995 ត្រលប់មកពីចុះបេសកម្មជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចលង់ផ្ទះសំបែង នៅក្នុងខណ្ឌដង្កោ លុះចប់ម៉ោងប្ដូរវេន ក៏ធ្វើដំណើរត្រលប់មកផ្ទះវិញ ស្រាប់តែប្ដីរបស់គាត់ទូរស័ព្ទមកប្រាប់ថា ត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសបែបនេះទៅវិញ ទើបរូបគាត់ប្រញាប់ប្រញាល់ប្រាប់អ្នកផ្ទះ នាំគ្នាចេញពីផ្ទះមកកន្លែងកើតហេតុតែម្ដង ។

បើតាមសម្ដីសន្តិសុខដែលយាមក្បែរកន្លែងកើតហេតុនិងជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ដែរថា មុនពេលកើតហេតុ គាត់ឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ខណៈពេលកំពុងស៊ីញ៉ូឆ្វេង បត់ឆ្លងផ្លូវបំណងចូលតាមច្រកច្បារអំពៅស៊ីធី តែឆ្លងបានបន្តិច ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LEXUS RX300 មិនចាំស្លាកលេខទេ បានបោះពួយយ៉ាងលឿន ទិសដៅពីកើតមកលិច ក៏ជ្រុលទៅបុកប៉ះម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះដែលជាមន្ត្រីអាវុធហត្ថនោះ ដួលខ្ទាតមកក្បែរចិញ្ចើមផ្លូវ រងរបួសបាក់ជើងខាងស្ដាំ ហើយរថយន្តបន្ថែមល្បឿនរត់បាត់ស្រមោល បន្សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ ចុះមកជួយអន្តរាគមន៍ និងទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះផងដែរ។ មួយសន្ទុះក្រោយមកស្ត្រីម្នាក់ជាប្រពន្ធ រួមទាំងសាច់ញាតិរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ហើយមន្ត្រីអាវុធហត្ថដែលរងរបួសនោះ បានប្រគល់របស់មានតម្លៃ និងសម្ភារៈអោយទៅស្ត្រីជាប្រពន្ធរក្សាទុក ហើយព្យាយាមងើបអង្គុយថាខ្លួនមិនអីទេ តែជាក់ស្ដែងគាត់បាក់ជើងខាងស្ដាំត្រឹមកជើងទៅហើយ ទើបដេកនឹងថ្នល់រងចាំរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុ ប្រហែល២០នាទីក្រោយមក ទើបរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ មកដឹកយកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យរុស្សី) ដើម្បីសង្គ្រោះនិងព្យាបាលផងដែរ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារជិះយកទៅផ្ទះសិន និងរងចាំដាក់ពាក្យបណ្ដឹងពេលក្រោយ ៕