ពេលនេះ​រដ្ឋបាលខេត្តកំពង់ធំ ប្រកាសឲ្យពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសែន និងស្ទឹងស្ទោង រៀបចំសម្ភារ និងស្វែងរកទីទួលសុវត្ថិភាព

583

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា ដោយសារតែកម្ពុជានឹងបន្តទទួលរងនូវវិសម្ពាធ និងសម្ពាធទាប ដែលជាឥទ្ធិពលនៃព្យុះទី១៧ ឈ្មោះសូដែល ដែលនឹងធ្វើមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ក្នុងខេត្តកំពង់ធំរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ អាចធ្វើឲ្យកម្ពស់ទឹកនៅតាមស្ទឹងនានាក្នុងខេត្តមានការហក់ដល់កម្រិតប្រកាសអាសន្ន។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសឲ្យសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោង មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ និងឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាពនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង៕