ក្រុមបាតុករថៃ៖ «អ្នករុញពួកយើងខ្ទប់នឹងជញ្ជាំងដូចជាសត្វឆ្កែ, យើងនឹងខាំតបវិញ ដោយមិនខ្លាចបាត់បង់អ្វីទាំងអស់»

242

(បាងកក)៖ មនុស្សរាប់ពាន់បានប្រមូលផ្គុំគ្នានៅទីក្រុងបាងកក ដើម្បីបង្ហាញពីកំហឹង និងការប្រឆាំងរបស់ពួកគេកាន់តែពុះកញ្ជ្រោលខ្លាំងឡើង ខណៈរដ្ឋាភិបាលថៃបានប្រកាសពីវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក ដើម្បីហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស ០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបន្តអូសបន្លាយអស់រយៈពេល ០៣ខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

បាតុករប្រមាណ ១ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយស្រែកខ្លាំងៗថា «ប្រាយុទ្ធចេញទៅ» និង «ដោះលែងមិត្តភក្តិរបស់យើង» នៅពេលពួកគេប្រឈមមុខជាមួយកងកម្លាំងប៉ូលីសនៅតំបន់ រ៉ាឆាប្រាសុង (Ratchaprasong) ដែលជាចំនុចប្រសព្វដ៏មមាញឹក ស្ថិតនៅចំកណ្តាលទីក្រុងបាងកក។ លោក ផានុពង្ស ចាកណុក (Panupong Jadnok) ដែលជាសកម្មជនលេចធ្លោមួយរូបបាននិយាយទៅកាន់ក្រុមបាតុករថា «អ្នករុញពួកយើង ដូចជាសត្វឆ្កែ… ជាមួយនឹងខ្នងរបស់យើងទល់នឹងជញ្ជាំង… យើងនឹងខាំតបវិញ ដោយមិនខ្លាចបាត់បង់អ្វីទាំងអស់»

គួររំលឹកថា បាតុកម្មនៅទីក្រុងបាងកកបានផ្ទុះឡើង ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា និងជាអតីតមេដឹកនាំយោធាផងនោះ លាលែងចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មីព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។ អ្នកនាំពាក្យរដ្ឋាភិបាលលោក អនុឆា ភូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) បានប្រាប់សារព័ត៌មាន Reuters យ៉ាងដូច្នេះថា យើងត្រូវតែបង្កើតការយោគយល់ជាមួយក្រុមអ្នកតវ៉ា និងបានរិះគន់ដល់មេដឹកនាំបាតុកម្មថា មិនបានផ្តល់ព័ត៌មានពេញលេញទៅកាន់ក្រុមបាតុករនោះឡើយ។

នៅជុំវិញបញ្ហានេះ មន្ត្រីប៉ូលិសថៃបានសង្កត់ធ្ងន់ថា ពួកគេនឹងចាប់ខ្លួនក្រុមអ្នកតវ៉ាទាំងអស់ ប៉ុន្តែមិនបានពន្យល់ពីរបៀប ដែលកងកម្លាំងប៉ូលិសនឹងចាប់មនុស្សរាប់ម៉ឺននាក់យ៉ាងណានោះទេ។ ដោយឡែកព្រះបរមរាជវាំងថៃបានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញការទាមទាររបស់ក្រុមបាតុករនោះឡើយ។

គួរបញ្ជាក់ថា រាប់ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលថៃបានអនុញ្ញាតឲ្យមានការធ្វើបាតុកម្ម ប៉ុន្តែមិនបានបង្ហាញពីសញ្ញាឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមអ្នកតវ៉ាឡើយ។ រដ្ឋាភិបាលបានផ្លាស់ប្តូរវិធានការវិញ បន្ទាប់ពីឧប្បត្តិហេតុមួយបានកើតឡើង ដោយក្រុមអ្នកតវ៉ាបានចំអកខ្លាំងទៅលើក្បួនព្រះទីនាំងរថយន្តរបស់ព្រះមហាក្សត្រ អមជាមួយព្រះមហាក្សត្រី សុធីតា (Suthida) បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចដ៏កម្រនៅអឺរ៉ុប។

រដ្ឋាភិបាលថៃបានលើកឡើងពីហានិភ័យចំពោះសន្តិសុខជាតិ និងសេដ្ឋកិច្ច ក៏ដូចជាគ្រោះថ្នាក់ពីការចម្លងរីករាលដាលនៃវីរុសកូរ៉ូណា ជាមូលហេតុចម្បងៗ ដែលបានបង្ខំឲ្យមានការដាក់ចេញនូវវិធានការជាបន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកកនោះ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលបានចាប់ផ្តើមការបង្ក្រាបលើក្រុមបាតុករ ដោយបានបោសសម្អាតជំរុំរបស់ពួកគេ នៅខាងក្រៅការិយាល័យរបស់លោក ប្រាយុទ្ធ និងបានចាប់ខ្លួនមេដឹកនាំបាតុករ ០៣នាក់ ហើយគិតចាប់តាំងពីសប្តាហ៍មុនមក អាជ្ញាធរបានចាប់ខ្លួនបាតុករសរុបប្រហែលជា ៤០នាក់ហើយ៕