លោក គីម ជុងអ៊ុន បានសន្យានិងប្រជាជនដែលរងគ្រោះដោយព្យុះទីហ្វុង និងទឹកជំនន់​ ដោយសង់ផ្ទះរាន់មឺុនខ្នង

35

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា នឹងជួយដល់តំបន់ដែលរងគ្រោះដោយសារព្យុះទីហ្វុង និងសង់ផ្ទះយ៉ាងហោច ២៥,០០០ខ្នង ក្នុងរយៈពេល 0៥ឆ្នាំខាងមុខ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន ធ្វើការសន្យាបែបនេះកំឡុងការចុះត្រួតពិនិត្យតំបន់រងគ្រោះ ដោយសារព្យុះទីហ្វុងកាលពីពេលថ្មីៗនេះ។ លោក គីម ក៏បានបង្ហាញការសោកស្ដាយផងដែរ ចំពោះការខូចខាតផ្ទះសម្បែងរបស់ប្រជាជន ដែលបានរស់នៅទីនោះអស់រយៈពេលជាង ៥០ឆ្នាំមកនេះ ជាមួយការជំរុញឱ្យកងកម្លាំងយោធា ចាប់ផ្ដើមអនុវត្តផែនការស្ថាបនាឡើងវិញឲ្យបានឆាប់រហ័ស។

បើតាម KCNA យោធាកូរ៉េខាងជើងសម្រេចបានការសាងសង់ ៦០ភាគរយហើយតាមផែនការ ឬស្មើនឹងផ្ទះ ២,៣០០ខ្នង នៅក្នុងតំបន់កុមដុក (Komdok) នៃខេត្តហាំជីយ៉ុង (Hamgyong) ខាងត្បូង ស្ថិតនៅភាគឦសាននៃរដ្ឋធានីព្យុងយ៉ាង។ ទោះជាយ៉ាងនេះក្ដី លោក គីម ជុងអ៊ុន បានអះអាងថា ការសាងសង់ផ្ទះថ្មីៗនៅពេលនេះ មិនគ្រាន់តែសាងសង់ឡើងនៅពេលដែលឃើញផ្ទះចាស់ៗ បានរងការខូចខាតដោយសារព្យុះទីហ្វុងនោះទេ ប៉ុន្តែវាស្ថិតនៅក្រោមផែនការដែលលោកផ្ទាល់ហៅថា «បដិវត្តន៍នៃការសាងសង់» ដែលកំពុងចាប់ផ្ដើមដំណើរការសង់ផ្ទះឱ្យបាន ២៥,០០០ខ្នង នៅក្នុងក្រោមផែនការ ០៥ឆ្នាំ ដែលគ្រោងនឹងចេញផ្សាយនៅខែមករា ឆ្នាំ២០២១ខាងមុខនេះ៕