ក្រោយធ្វើតេស្ត «អវិជ្ជមានកូវីដ-១៩» ប៉ុន្មានថ្ងៃជាប់ៗគ្នា លោក ដូណាល់ ត្រាំ ធ្វើយុទ្ធនាការបោះឆ្នោតឡើងវិញ

29

ផ្លរីដា)៖ មួយសប្តាហ៍បន្ទាប់ពីចេញពីមន្ទីរពេទ្យលោក ដូណាល់ ត្រាំ បានវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតឡើងវិញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលលោកកំពុងព្យាយាមបង្ហាញខ្លួន នៅក្នុងដំណាក់កាលចុងក្រោយនៃយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែវិច្ឆកាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានវិលត្រឡប់មករដ្ឋកំណើត (រដ្ឋផ្លរីដា) សម្រាប់ការបន្តជាផ្លូវការឡើងវិញនូវយុទ្ធនាការរបស់ខ្ញុំ»។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងចំពោះមុខក្រុមអ្នកគាំទ្ររាប់ពាន់នាក់ ដែលឈរយ៉ាងកុះករ ហើយភាគច្រើនមិនបានពាក់ម៉ាស់នោះឡើយ ទោះបីជាករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កំពុងតែបន្តកើនឡើងក៏ដោយ។

ការប្រមូលផ្តុំនៅទីក្រុងសាន់ហ្វដ (San Ford) កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ គឺជាវេទិកាដំបូងរបស់លោក ត្រាំ នៅក្នុងសប្តាហ៍ដ៏មមាញឹក ដែលនឹងរួមបញ្ចូលព្រឹត្តិការណ៍នៅក្នុងរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania), អ៉ីយ៉ូវ៉ា (Iowa), ណតស៍ ខារ៉ូលីណា (North Carolina) និង វិសខុនសិន (Wisconsin)។ បន្ទាប់ពីយន្តហោះ Air Force One បានហោះចេញពីមូលដ្ឋានកងទ័ពអាកាស អាន់ឌ្រួ (Andrews) វេជ្ជបណ្ឌិតរបស់ប្រធានាធិបតីបានបង្ហាញការធ្វើបច្ចុប្បន្នភាព ចំពោះសុខភាពរបស់លោក ត្រាំ។ វេជ្ជបណ្ឌិតលោក ស្កុត ខុនលី (Scott Conley) បានឲ្យដឹងថា លោក ត្រាំ បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណានៅប៉ុន្មានថ្ងៃជាប់ៗគ្នាចុងក្រោយនេះ ទើបនាំឲ្យវេជ្ជបណ្ឌិតរូបនេះសន្និដ្ឋានថា លោក ត្រាំ មិនអាចចម្លងជំងឺ COVID-19 ទៅឲ្យអ្នកដទៃបានឡើយនាពេលនេះ។

សម្រាប់រដ្ឋផ្លរីដានេះត្រូវបានគេមើលឃើញថា ជារដ្ឋដ៏សំខាន់ចំពោះឱកាសនៃការជាប់ឆ្នោតសាជាថ្មីរបស់លោក ត្រាំ។ លោក ត្រាំ ធ្លាប់បានផ្តួលគូប្រជែងរបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅក្នុងរដ្ឋនេះឯង កាលពីឆ្នាំ២០១៦ ដោយសំឡេងគាំទ្រលើសគ្នាតែជាង ១១២,០០០សំឡេងប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការស្ទង់មតិថ្មីៗមួយចំនួនវិញបានបង្ហាញថា លោក ត្រាំ និងលោក ចូ បៃដិន បានទទួលលទ្ធផលប្រហាក់ប្រហែលគ្នា។ ចំណែកឯការស្ទង់មតិផ្សេងទៀតវិញបានដាក់ លោក ចូ បៃដិន ឲ្យនាំមុខលោក ត្រាំ៕