គ្រាន់តែអាំងត្រីមិនឆ្អិន ថៅកែចិត្តអប្រិយ ប្រើវែកសម្លវាយទៅលើអ្នកបម្រើ

587

កណ្តាល៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានធ្វើឃាត់ខ្លួនថៅកែស្រីចិត្តអប្រិយប្រើសុទ្ធតែវែកសម្លវាយធ្វើបាបឈ្មួលបម្រើជាអនីតិជន ជាច្រើនលើកច្រើនសារ និងត្រូវចាប់បញ្ជូនតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះដាំង រស្មី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាមេផ្ទះ ។ ចំណែកជនរងគ្រោះឈ្មោះ ផាត សុរីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើនៅតាមផ្ទះ មានស្រុកកំណើតនៅភូមិ អូរអង្គរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ និងបច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងមានឪពុកឈ្មោះ សោម ផាត អាយុ៤២ឆ្នាំ មុខរបរកសិករ និងមា្តយឈ្មោះ សន សុក អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច​ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មីងបង្តើតរបស់ជនរងគ្រោះគឺឈ្មោះសុខ ស្រី មុំ បាននាំជនរងគ្រោះមកធ្វើការជាអ្នកបម្រើនៅផ្ទះរបស់ជនសង្ស័យឈ្មោះដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពេលដែលជនរងគ្រោះ មកធ្វើការជាអ្នកបម្រើនៅផ្ទះថៅកែស្រីឈ្មោះ ដាំង រស្មី តែងតែប្រើអំពើឃោរឃៅ វាយដំមកលើជនរងគ្រោះរហូត គឺយកវែកសម្ល វាយក្បាល វាយមុខ បណ្តាលអោយបែកហូរឈាម ពេលខ្លះទៀត បានកាំបិតប៉័ងតោ វាយក្បាល និងដាច់មុខ បណ្តាលអោយបែកហូរឈាម ជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬទិញថ្នាំអោយនាងលេបទេ ហើយបង្ខំអោយនាងធ្វើការងារផ្ទះ ទោះបីជានាងឈឺក៏ដោយ ។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ថៅកែស្រីបានប្រើអោយយកកូនចានបបរ ស្លាបព្រា និងកែវមកអោយ តែយកមកមិនទាន់ចិត្ត ត្រូវបានថៅកែស្រី យកវែកសម្លវាយបែកចិញ្ចើមខាងស្តាំបែកហូរឈាម ។ ពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់យកអាវមកទប់ឈាមកុំអោយហូរ។ លុះស្អែកឡើងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ថៅកែស្រី បានប្រើអោយនាង អាំងត្រី និងមើលសម្លដែលថៅកែស្រីរបស់នាងអោយមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីរបស់នាង បានយកវែកវាយចំចិញ្ចើម មុខខាងឆ្វេង បណ្តាលអោយបែកហូរឈាម ចំពីលើស្នាមកាំបិតចាស់ដែលថៅកែនាងធ្លាប់វាយ ហើយពេលនោះដែរថៅកែស្រីនាង បានប្រើអោយនាង មកទិញទឹកត្រី ទើបនាងមានឱកាសក៏បានរត់ចេញហើយហៅម៉ូតូឌុបជិះអោយជូនមកស្ថានីយ៍វិទ្យុ ABC នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ អោយជួយ ប្រាប់ទៅម្តាយ ។

ពេលដែលបានឮព័ត៌មានតាមវិទ្យុ ABC ផ្សាយ កម្លាំងជំនាញសហការជាមួយនគរបាលក្រុងតាខ្មៅតាមបញ្ជរស្នងការ ព្រមទាំងបានសហការណ៍ជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាលនិងការិយាល័យសង្គមកិច្ច ក្រុង និង មន្ត្រីជំនាញមន្ទីរសង្គមកិច្ចបានចុះទៅដល់កន្លែងស្ថានីយ៍វិទ្យុ ABC និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងមកកាន់មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ធ្វើការសម្ភាសន៍សាកសួរជនរងគ្រោះហើយបាននាំជនរងគ្រោះទៅពិនិត្យរបួលស្នាម លើរាងកាយនិងការពិនិត្យផ្លូវភេទ ។

លុះក្រោយមកសមត្ថកិច្ចក៏តាមឃាត់ខ្លួនថៅកែស្រីរូបនេះបានតែម្តង។ បញ្ហានេះ មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា តុលាការនឹងចាត់ការលើថៅកែស្រីរូបនេះតាមផ្លូវច្បាប់ផង ៕