ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បំភ្លឺបន្ថែម ករណីជនខិលខូច បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ បោកប្រាស់ ការទិញ លក់ តាមប្រពន្ធ័អនឡាញ Online

802

បាត់ដំបង ៖ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណៈ ជនពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២០ ក្រុមការងារប្រតិកម្មរហ័សនៃស្នងកាដ្ឋាន បានធ្វើការផ្សព្វផ្សាយរួចមកហើយពីករណី(ជនខិលខូច) ធ្វើសកម្មភាពបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយ ដោយយករូបភាពទីតាំងអាជីវកម្មត្រឹមត្រូវរបស់គេ ទៅប្រើប្រាស់ធ្វើសកម្មភាពបោកប្រាស់អតិថិជន តាមរយៈការលក់សម្ភារៈ(ទូរស័ព្ទឬអាយផែត)តាមប្រពន្ធ័អនឡាញ Online ។

នៅពេលធ្វើការផ្សព្វផ្សាយរួចមក (ជនខិលខូច) ហាក់ដឹងខ្លួន រួចបានប្តូរទៅបង្កើតគណនីហ្វេសប៊ុកផ្សេងៗទៀត ដោយប្តូរឈ្មោះគណនី ប៉ុន្តែនៅបន្តប្រើប្រាស់ រូបភាពទីតាំងអាជីវកម្មត្រឹមត្រូវរបស់គេ យកទៅធ្វើសកម្មភាពនេះដដែលបន្តទៀត ។

ដោយពិនិត្យឃើញថា ក្នុងខណៈពេលនេះមានជនរងគ្រោះនៅតែបន្ត រងគ្រោះពីករណីខាងលើ ធ្វើឱ្យបាត់បង់ថវិកាដោយសារជនខិលខូចទាំងនោះបោកប្រាស់ ម្ចាស់ទីតាំងអាជីវកម្មត្រឹមត្រូវ បានបន្តដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល និងធ្វើការសហការណ៍ស្រាវជ្រាវស្វែងរកជនខិលខូចទាំងនោះដើម្បីចាត់វិធានការស្របតាម ផ្លូវច្បាប់ ។

ជាមួយនេះម្ចាស់ទីតាំងអាជីវកម្ម ខាងលើ ដែលកំពុងទទួលរងគ្រោះដោយសារជនខិលខូច យករូបភាពទីតាំងនិងឈ្មោះរបស់គាត់ទៅប្រើប្រាស់នោះ សូមធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋនិងមហាជនទូទៅ សូមមានការប្រុងប្រយ័ត្នចំពោះសកម្មភាព(ជនខិលខូច)ទាំងនោះនិងសូមចូលរួមផ្តល់ព័ត៌មានដល់សមត្ថកិច្ចតាមដែលអាចធ្វើទៅបាន ដើម្បីសមត្ថកិច្ចស្វែងរក(ជនខិលខូច)ទាំងនោះយកមកផ្ទន្ទាទោស តាមផ្លូវច្បាប់ ដោយសេចក្តីគោរពរាបអានបំផុត៕ (ក្រុមការងាប្រតិកម្មរហ័ស)