អាមេរិកឡាទីន មានអ្នកឆ្លង COVID-19 លើស ៨លាននាក់, ជាតំបន់មានអ្នកឆ្លងច្រើនជាងគេលើពិភពលោក

100

(រីយ៉ូ)៖ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងតំបន់អាមេរិកឡាទីន (Latin America) បានកើនលើស៨លាននាក់ហើយ ដែលបានធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាម ការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅនេះ ចំនួនអ្នកឆ្លងជាមធ្យមនៅក្នុងតំបន់អាមេរិកឡាទីន បានធ្លាក់ចុះពី ៨០,៥១២នាក់ ដល់៦៧,១៧៣នាក់ គិតត្រឹម ថ្ងៃពុធសប្ដាហ៍នេះ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន។

បើតាមរបាយការណ៍សរុបចេញផ្សាយលើគេហទំព័រ worldometer ប្រទេសប្រេស៊ីល គឺជាប្រទេសដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេប្រចាំ តំបន់អាមេរិកឡាទីន ដែលមានចំនួនអ្នកឆ្លងសរុបជាង ៤.២លាននាក់ បន្ទាប់ពីអ្នកឆ្លងថ្មីជាង ៤ម៉ឺននាក់ ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ តែ ក្រុមមន្ត្រីប្រេស៊ីល ក៏បានកត់សម្គាល់ឃើញដែរថាជាការថយចុះនៃករណីឆ្លងប្រចាំថ្ងៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ដោយឡែក ចំនួនអ្នកឆ្លងប្រចាំ ថ្ងៃនៅប្រទេសប៉េរូ (Peru), កូឡុំប៊ី (Colombia) និងម៉ិកស៉ិក (Mexico) ក៏មានការថយចុះដូចគ្នាផងដែរ។

គួរបញ្ជាក់ថា មេដឹកនាំអាមេរិកឡាទីនជាច្រើន កំពុងរិះរកគ្រប់វិធី ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការឆ្លងរាតត្បាតនៃ COVID-19 ដែលកើតមាន ឡើងនៅក្នុងប្រទេសជាច្រើននេះ និងបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចធំបំផុតដែលមិនធ្លាប់កើតមាននៅក្នុងតំបន់អាមេរិកឡាទីន។ វិស័យទេសចរណ៍ក្នុងតំបន់ នេះ ត្រូវបានគេរំពឹងថានឹងខាតបង់ប្រាក់ប្រហែល ២៣០ពាន់លានដុល្លារអាមេរិក ដោយសារ COVID-19 ដែលបង្ខំឱ្យមានការបិទព្រំដែន និងការធ្លាក់ចុះ នៃការធ្វើដំណើរជាសកល៕