ស្ត្រីមេម៉ាយកូន៣ ទុរគតផ្ទុកមេរោគអេដស៍ រស់នៅក្រោមសំយ៉ាបផ្ទះគេ នៅឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលបានផ្ទះ ថវិកា និងគ្រឿងឧបភោគបរិភោគពីសប្បុរសជន

1572

(កណ្ដាល)៖ លោក ពោច សួរ អគ្គនាយកក្រុមហ៊ុននិស្ស័យស្នេហ៍ត្រេឌីង ព្រមទាំងលោក សាយ ទ្រី អធិការរងស្រុកខ្សាច់កណ្ដាល បានជួយឧបត្ថមផ្ទះ ថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀត ជូនស្ត្រីមេម៉ាយកូន៣ទុរគតផ្ទុកមេរោគអេដស៍ ដែលសុំសំយ៉ាបផ្ទះគេស្នាក់នៅ ក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

បើតាមលោកពោច សួរ បានប្រាប់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា លោកពិតជាស្លុតចិត្តណាស់ អាណិតយ៉ាងពន់ពេក បន្ទាប់ពីបានឃើញភ្លាម លោករួមគ្នាជាមួយលោក សាយ ទ្រី អធិការរងស្រុកខ្សាច់កណ្ដាល បានមូលមតិគ្នាជួយឧបត្ថម្ភផ្ទះស្នាក់នៅ និងថវិកាមួយចំនួន ព្រមទាំងគ្រឿងឧបភោគ បរិភោគផ្សេងទៀតផងដែរ។

លោក ពោច សួរ បានថ្លែងថា ក្នុងនាមលោកក៏ជាអ្នកស្រុកខ្សាច់កណ្ដាល លោកមិនទុកឱ្យអ្នកក្ររស់នៅដោយការលំបាកឡើយ ពិសេសដោយគោរពសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកមិនឱ្យមានការលំបាកឡើយ, លោកក៏បានអនិវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេច ដោយទីណាមានការលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជាចាំជួយជានិច្ច។

លោក ពោច សួរ បាន «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន លូតលាស់ទៅមុខជាលំដាប់តាំងពីបាតដៃទទេ រហូតដល់ប្រទេសមានការរីកចម្រើនស្ទើរគ្រប់វិស័យ ដែលនេះសបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាពដែលសម្ដេចយកជីវិតជាដើមទុនក្នុងការជួយសង្រ្គោះកម្ពុជាយើងពីរបបអាវខ្មៅ ហើយស្គាល់ការអភិវឌ្ឍន៍ ស្រុកទេសសំបូរសប្បាយជានិច្ចនិរន្ត។

ទន្ទឹមនឹងសកម្មភាពមនុស្សធម៌នេះផងដែរ អ្នកស្រី យ៉ុង សរ អាយុ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៣នាក់ បានលើកដៃថ្លែងអំណរគុណដល់សម្ដេចតេជោ និងអរគុណលោក ពោច សួរ ព្រមទាំងលោក សាយ ទ្រី ដែលបានគិតគូរយកចិត្តទុកដាក់ជួយឧបត្ថម្ភផ្ទះ ថវិការ និងគ្រឿងឧបភោគបរិភោគដល់គាត់ ដែលនេះជាទឹកចិត្តដ៏មហាធំធេង និងជាទេវតាប្រោសព្រុំដល់គ្រួសារអ្នកស្រីដែលកំពុងជួបប្រទះបញ្ហាខ្វះខាតជាខ្លាំង។

សម្រាប់មេឃុំស៊ីធរវិញ លោក រស់ សំអុល ក៏បានសំដែងការត្រេកអរ សប្បាយចិត្តឥតឧបមា ដែលមានសប្បុរសជនចុះមកជួយដល់ស្ត្រីមេម៉ាយទុរគតរូបនេះ ដែលនេះសបញ្ជាក់ពីតម្លៃនៃសន្តិភាព ដែលប្រទេសជាតិសំបូររុងរឿង ហើយមានសប្បុរសជនជាច្រើនចាំជួយដល់ពលរដ្ឋក្រីក្រយ៉ាងដូច្នេះ។

គួរជម្រាបជូនថា ផ្ទះដែលនឹងត្រូវសាងសង់ជូនស្ត្រីរូបនេះ មានទំហំ៦ គុណ7ម៉ែត្រ ប្រក់ស័ង្កសី ចាក់ដី ក្រាលបេតុងមួយស្អាត រៀបចំលូ ប្រព័ន្ធទឹក និងបន្ទប់ទឹក មួយកំប្លេ ដើម្បីងាយស្រួលរស់នៅប្រកបដោយផាសុកភាព។

គួររម្លឹកថា កន្លងទៅប្រមាណជា៥ខែ លោក ពោច សួរ ក៏បានធ្វើផ្ទះមួយកំប្លេផងដែរ ជូនដល់បុរសសតិមិនគ្រប់ម្នាក់អាយុជាង៥០ឆ្នាំ ដែលត្រូវបានបងប្អូនដាក់ច្រវ៉ាក់ជាប់នឹងដើមឈើរយៈពេលជាង ១៥ឆ្នាំមកនោះ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ដែលសកម្មភាពនេះ ទទួលបានការសាទរយ៉ាងកុះករពីសំណាក់អ្នកស្រុកខ្សាច់កណ្ដាល ព្រមទាំងបានការកោតសរសើរផងដែរពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល៕