ក្មេងស្រី៣នាក់ លង់ទឹកបណ្តាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតជួយសង្គ្រោះទាន់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

1559

(បន្ទាយមានជ័យ)៖ ក្មេងស្រី៣នាក់ នាំគ្នាទៅឃ្វាលគោជាមួយជីតាស្រាប់តែចុះរាវលៀសក្នុងប្រឡាយទឹកបណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់ និង២នាក់ទៀតជួយសង្គ្រោះទាន់ នៅវេលាម៉ោង៣រសៀល ១០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចប្រឡាយចិនខាងកើត ភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រហែល៣០០ម៉ែត្រពីភូមិ។

លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ អោត សៀវម៉ៃ អាយុ៨ឆ្នាំ នៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក (ស្លាប់)
*ទី២៖ ឈ្មោះកើស រាត្រី អាយុ១៣ឆ្នាំ នៅភូមិថ្មីខាងជើង ឃុំណាំតៅ ស្រុកភ្នំស្រុក ជួយសង្រ្គោះទាន់
*ទី៣៖ ឈ្មោះ កើស ចន្ត្រា អាយុ១២ឆ្នាំ នៅភូមិឃុំជាមួយគ្នាសង្គ្រោះទាន់។

លោក យ៉ត សុផល បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ដើរទៅលេងជាមួយជីតាទៅឃ្វាលគោនៅវាលស្រែជិតប្រឡាយ ហើយចុះរាវលៀស ក្នុងប្រឡាយចិនដោយក្មេងទាំង៣នាក់ មិនចេះហែលទឹកបណ្តាលលង់ទឹកស្របពេលនោះ ជីតាបានជួយសង្គ្រោះជីវិតបាន២នាក់ និងស្លាប់ម្នាក់។

លោកអធិការបន្តថា ពេលទទួលបានព័ត៌មានកម្លាំងជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍ប៉ោយចារ ណាំតៅ ចុះពិនិត្យសពនិងកន្លែងកើតហេតុ ឃើញថា សពខាងលើពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន សពត្រូវបាននគរបាលជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕