ប្រពៃណាស់! ឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូតជប៉ុន អញ្ជើញដាក់បិណ្ឌដែលជាប្រពៃណីដ៏ឧត្តមរបស់ខ្មែរ

1514

(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូតជប៉ុន នៅក្នុងសប្តាហ៍នេះ បានអញ្ជើញទៅកាន់វត្តថាន់ ក្នុងរាជធានីភ្នំពេញ នាំទេយ្យទានប្រគេនព្រះសង្ឃ និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនខ្លួន។

លោក មិកាមិ បានថ្លែងថា នេះជាលើកទីមួយហើយសម្រាប់រូបលោក ដែលបានធ្វើបុណ្យតាមប្រពៃណីខ្មែរ ដើម្បីឧទ្ទិសកុសលជូនជីដូនជីតារបស់លោក។ លោកទូតជប៉ុន បានថ្លែងបញ្ជាក់ថា «ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះការយកចង្ហាន់ ភេសជ្ជៈ ស្លាដក់ជាដើមប្រគេនព្រះសង្ឃបែបនេះណាស់»

បន្ទាប់ពីបានប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃហើយ លោកឯកអគ្គរដ្ឋទូត និងមន្ត្រីរបស់លោក បានរាប់បាត្រ ពូនភ្នំខ្សាច់ និងស្រង់ព្រះផងដែរ។

ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក មិកាមិ ក៏បានជូនពរដល់ប្រជាពលរដ្ឋខ្មែរ បានសប្បាយរីករាយក្នុងឱកាសជួបជុំក្រុមគ្រួសារ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនាដ៏ឧត្តមរបស់ខ្មែរ។ ការអញ្ជើញចូលរួមកាន់បិណ្ឌរបស់លោកឯកអគ្គទូត និងមន្ត្រីស្ថានទូតជប៉ុន បានបង្ហាញឱ្យឃើញពីការចូលរួមលើកកម្ពស់ពិធីបុណ្យប្រពៃណី ដែលជាចំណែកនៃវប្បធម៌របស់ខ្មែរផងដែរ៕