លោក ដូណាល់ ត្រាំ៖ «ខ្ញុំមិនបានកុហកប្រជាជនអាមេរិកឡើយ អំពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណា»

107

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែទទូចដដែលថា លោកមិនដែលកុហកប្រជាជនអាមេរិកឡើយ ពីគ្រោះថ្នាក់នៃ COVID-19 បន្ទាប់ពីសៀវភៅថ្មីមួយក្បាលរបស់អ្នកកាសែត បុប វូដវើដ (Bob Woodward) ត្រូវបានបង្ហើបថា លោក ត្រាំ ធ្លាប់មានបំណងមើលស្រាល អំពីស្ថានការណ៍ឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

បើតាមសៀវភៅរបស់លោក Bob Woodward ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ លោក ដូណាល់ ត្រាំ បានដឹងយ៉ាងច្បាស់ថា COVID-19 ជាជំងឺដ៏កាចសាហាវ និងមានគ្រោះថ្នាក់ ប៉ុន្តែលោកមានបំណងនិយាយមើលស្រាល អំពីស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ដោយសារតែមិនចង់ប្រជាជនអាមេរិកភ័យខ្លាចហួសហេតុ។

យ៉ាងណាក៏ដោយ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរ ក្នុងសន្និសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថាតើហេតុអ្វីបានជាលោក កុហកប្រជាជនអាមេរិក? លោក ត្រាំ បានឆ្លើយភ្លាមៗថា លោកមិនដែលនិយាយកុហកចំពោះ ប្រជាជនអាមេរិកឡើយ ព្រោះការសម្រេចចិត្តបន្ធូរបន្ថយ ការប្រកាសអាសន្នរបស់លោកនោះ គឺបានទទួលជោគជ័យ ក្នុងការរក្សាបាននូវភាពស្ងប់ស្ងាត់។

លោក ត្រាំ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំគិតថាយើងបានធ្វើការងារមួយដ៏អស្ចារ្យ។ ខ្ញុំមិនចង់លោតចុះលោតឡើង ហើយស្រែកថា មានមនុស្សស្លាប់! មានមនុស្សស្លាប់! នោះទេ»

គួរជម្រាបថា ការឆ្លងរាតត្បាត COVID-19 ដែលបានសម្លាប់ប្រជាជនអាមេរិក ១៩៦,៣២៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៦.៥លាននាក់ គឺជាមូលហេតុមួយធ្វើឱ្យលោក ដូណាល់ ត្រាំ ចាញ់បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នៅក្នុងការស្ទង់មតិថ្នាក់ជាតិជាច្រើននាពេលកន្លង ខណៈនៅសល់ពេលមិនដល់ ០៨សប្ដាហ៍ទៀតទេ ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នឹងចូលមកដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០៕