មីយ៉ាន់ម៉ារកឃើញអ្នកឆ្លង COVID-19 កើនដល់ខ្ទង់​២,០០០នាក់ហើយ ខណៈចំនួនអ្នកស្លាប់ក៏កើនឡើងដែរ!

80

(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់ ១៤នាក់ បន្ទាប់ពីមនុស្ស ០២នាក់បន្ថែមទៀតបានស្លាប់ នៅក្នុងរបាយការណ៍ថ្មីប្រចាំថ្ងៃព្រហស្បតិ៍នេះ ខណៈចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស បានកើនឡើងរហូតដល់ ២,០០៩ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

នៅចំពោះមុខការកើនឡើងនៃចំនួនករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីបទបញ្ជាតឹងរ៉ឹងជាងមុន ដោយតម្រូវឲ្យប្រជាជនរស់នៅទីក្រុងចំនួន ២១ នៅតំបន់ជុំវិញទីក្រុងរ៉ង់ហ្គូន ដែលបានរាយការណ៍ពីករណីឆ្លងភាគច្រើន ត្រូវព្យាយាមស្នាក់នៅក្នុងផ្ទះ ដើម្បីកុំឲ្យការឆ្លងកាន់តែរីករាលដាល។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងសុខាភិបាល នៃប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា អ្នកជំងឺ ៥៥៣នាក់បានជាសះស្បើយឡើងវិញ។ គិតចាប់ពីការផ្ទុះឡើងនៃជំងឺនេះកាលពីថ្ងៃទី ២៣ ខែមីនាកន្លងទៅ ប្រទេសមីយ៉ាន់ម៉ាបានធ្វើតេស្តលើសំណាករកជំងឺ COVID-19 សរុបចំនួន ១៧៩,៤៧១នាក់ហើយ ដោយក្នុងនោះមនុស្ស ៨,៣៩៥នាក់ កំពុងស្ថិតក្រោមការតាមដាននៅឡើយ៕