មាន សូនីតា ទ្រាំមិនបាននឹងចោទ ប្រមាថ ទំលាក់កំហុស របស់អ្នកក្លាហានវិភាគសង្គមហ្វេសបុកមួយចំនួន ក៏ចេញសារយ៉ាងវែង ហើយសួរ ៤សំនួរចំៗត្រលប់វិញ

102

ថ្មីៗនេះមានការបង្ហោះលើបណ្តាញសង្គម មានអ្នកលេងហ្វេសបុកមួយចំនួនបានធ្វើការស៊ែរ និងComment ជាពាក្យចោទប្រកាន់ទៅកញ្ញាមាន សូនីតា ទាំងមិនមែនជាការពិត ឥលូវនេះសាមីខ្លួន បានចេញអត្ថបទយ៉ាងវែង និងដាក់សំនួរចំៗទៅកាន់អ្នកក្លាហានវិភាគសង្គម ហ្វេសប៊ុក ចំនួន ៤ សំនួរ ដោយកញ្ញាបានរៀបរាប់ថា៖

ជូនចំពោះអ្នកក្លាហានវិភាគសង្គម ហ្វេសប៊ុក facebook ទាំងឡាយ!

ខ្ញុំបានទទួលសារ និងការទាក់ទងពីមិត្តភក្តិ អ្នកគាំទ្រច្រើនមែនទែន ប្រាប់ខ្ញុំពីរឿងដែល អ្នកក្លាហានវិភាគសង្គម ហ្វេសប៊ុក កំពុងជ្រួលច្របល់លើហ្វេសប៊ុកថ្ងៃនេះ។ រួចខ្ញុំក៏ចូលមើលផេក Confessions ដែលជាកន្លែងដើមហេតុ។ មិនគួរអោយជឿ ថាសង្គមយើង ប្រជាជនយើង (ចំពោះតែមនុស្សប្រភេទហ្នឹង) មិនមានការគិតទាល់តែសោះ លឿនហួសការស្មាន!
មិនចប់ត្រឹមហ្នឹងទេ អ្នកទាំងនោះបានសរសេរ comment មកលើរូបភាព ដែលនាងខ្ញុំបានបង្ហោះ ពេលថ្ងៃត្រង់នេះទៀត ហើយកំពុងតែចូលលុកលុយនៅការផុសចាស់ៗរបស់ខ្ញុំថែមទៀត សុទ្ធតែ «រកឃើញហើយ នេះមែនទែនហើយ… អញថាមែន… មីពួកតារាតែច្ចឹង…ខ្វះប្តីមែន បានយករបស់គេ… » ច្រើន មហាច្រើន! ប្លែកចំលែកភ្នែក សឹងតែមិនជឿថា អ្នកហ៊ានពេក!

សំណួរទី១សួរថា អ្នកប្រាកដចិត្តម៉្លេះ? សរសេរ commentផង ចែករំលែកផង share ហ្នឹង ចោទ ប្រមាថ ទំលាក់កំហុស មកខ្ញុំ ចង់បានអ្វី? ដឹងនេះ ដឹងជាងខ្ញុំខ្លួនឯងទៀត! ឯណាភស្តុតាង? ឬតាមគេ តាមឯង?
សំណួរទី២សួរថា អ្នកប្រាកដអត់ថា រឿងដែលបងស្រី ឬប្អូនស្រីម្នាក់នោះ ចែករំលែកលើផេក Confessions ហ្នឹង ជារឿងពិត? ចុះបើវាគ្រាន់តែជាការសរសេរ ចេញពីការស្រមើស្រម៉ៃរបស់អ្នកនិពន្ធម្នាក់នោះ? ចុះបើការសរសេរនោះ គ្រាន់តែជារឿងប្រឌិត ដើម្បីទទួលបាន ការចាប់អារម្មណ៍? អ្នកមានគិតចំពោះចំនុចនេះទេ?
សំណួរទី៣សួរថា ម្ចាស់ផេកConfessions នឹងមានវិធានការបែបណា នៅពេលការ បង្កើតទំព័ររបស់អ្នក បានក្លាយជាស្ពានបំផ្លាញអ្នកមិនដឹងអី និងមិនមានកំហុសដូចខ្ញុំ? គិតថា បង្ហោះមិនទទួលខុសត្រូវហ្នឹង ចប់ហើយ? ស្រួលម៉្លេះ !! អ្វីជាគំនិតក្នុងការបង្កើតផេកហ្នឹងឡើង? មានបំណងអ្វី?
សំណួរទី៤សួរថា អ្នករាល់គ្នា ដែលចូលរួម អ្នកអត់មានរបស់មួយដុំមួយ។ ខ្ញុំចង់និយាយពីរបស់មួយដុំ ដែលមានវត្តមាននៅក្នុងក្បាលរបស់អ្នក។ បានចេះតែហ៊ាន មិនប្រមានខ្លួន។ កុំបណ្តោយអោយការលេងសើចរបស់អ្នក មកសំលាប់មនុស្សដែលមិនមានកំហុស។ នេះធ្លាក់មកខ្ញុំ ផ្លូវចិត្តខ្ញុំរឹងមាំ ព្រោះខ្ញុំដឹងថា ខ្ញុំជាអ្នកណាអោយប្រាកដ ខ្ញុំចេះគ្រប់គ្រងអារម្មណ៍។ ចុះបើធ្លាក់លើអ្នកផ្សេង មានផ្លូវចិត្តខ្សោយជាងហ្នឹង គាត់អាចនឹងគិតខ្លី ធ្វើអ្វីដែលមិនល្អចំពោះខ្លួនឯងទៅ អ្នកសប្បាយអរមែន? ហេតុអ្វីក៏ចោរម្សៀតម៉េស? ហេតុអ្វីក៏អាត្មានិយមម៉្លេះ? អ្នកទាំងអស់គ្នា ពិតជាក្លាហានណាស់ ខ្ញុំសុំសរសើរអស់ពីបេះដូង។ អ្នកហ៊ាននិយាយហួសពីអ្វី ដែលអ្នកគិតថា អ្នកមាន។

ខ្ញុំ មាន សូនីតា ជាតារាសំដែង Actress និងអ្នកជំនួញម្នាក់ មានមុខរបរអាជីពត្រឹមត្រូវ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ អោយរហ័សនាមថា «រាជនីក្រមា»។ ខ្ញុំមានវត្តមាន នៅក្នុងសង្គមសិល្បៈនេះ ១០ឆ្នាំមកហើយ សំរាប់អ្នកគាំទ្រខ្ញុំដឹងច្បាស់ណាស់ថា អ្វីដែលជាគោលចំហរ ជាតម្លៃជីវិត របស់ខ្ញុំចំពោះការងារ (អាជីព) មួយនេះ។ អ្វីដែលខ្ញុំមាន មកដល់សព្វថ្ងៃ សុទ្ធសឹងចេញពីការខំធ្វើការទាំងអស់ This is all hard work! កុំមកចោទខ្ញុំនេះ នោះ ទាំងអ្នកមិនមែនជាខ្ញុំ!
ខ្ញុំជាតារាសំដែងមែនពិត តែខ្ញុំមិនសំដែងជាមួយជីវិតពិតរបស់ខ្ញុំទេ។ ខ្ញុំ មិនបានសំដែងជាតួកំប្លែង ជាមួយអ្នកទាំងអស់គ្នាទេ។ ហើយរឿងរបស់អ្នក ដែលបានសរសេរនេះ មិនកំប្លែងលេងទេ តែជាវិនាសកម្មមួយចំពោះសង្គមរបស់យើង។
ខ្ញុំសុំទោសមែនទែន ដែលខ្ញុំនឹងមិនមានពេលចូលរួម ឆ្លើយឆ្លងជាមួយអ្នករាល់គ្នាឡើយ ព្រោះខ្ញុំមិនទំនេរ បង្ករឿង បំពុលសង្គមដូចអ្នករាល់គ្នាទេ។ សុំអោយវគ្គ ដែលសរសេរមានវត្តមានខ្ញុំ សុំចប់ត្រឹមនេះ។ តែបើអ្នកមិនបញ្ចប់ទេ អ្នកណាមួយ នៅតែក្លាហាន ចោទ ទំលាក់ បរិហាកេរ្តិ៍នាងខ្ញុំ ដោយប្រើប្រាស់ឈ្មោះ ឬ ចូលមកសរសេរ ដាក់រូបនាងខ្ញុំនោះ ខ្ញុំសុំអោយឈ្មោះថា «នាងកន្លាត ឬ ពួកកន្លាត» ប្រភេទសត្វរស់អោយបាន តែរស់គ្មានប្រយោជន៍អ្វីសោះ ហើយស្អុយ គ្មានអនាម័យ! ហើយលើសពីហ្នឹងទៀត ខ្ញុំនឹងចាត់វិធានការតាមច្បាប់។ កុំចេះតែហ៊ានលេង ជាមួយតម្លៃ និងជីវិតរបស់អ្នកដទៃ បើអ្នកមិនដឹងការពិត។
អូ មួយទៀត! ចំពោះសំណួរមួយទៀត សួរថា «យករបស់គេហើយ បានមិនដែលបង្ហាញមុខដៃគូរស្នេហាសោះ … » ខ្ញុំចង់ប្រាប់ថា ខ្ញុំជាបុគ្គលសារធារណៈ (Public Figure) មែន ជាតារាសម្តែងមែន តែខ្ញុំមិនសំដែងជាមួយជីវិតពិតរបស់ខ្ញុំទេ (សុំនិយាយម្តងទៀត) ជីវិតស្នេហារបស់ខ្ញុំ ជាជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ និងដៃគូរខ្ញុំ។ ពីរនាក់ខ្ញុំស្រលាញ់គ្នា មិនចាំបាច់ត្រូវតែបង្ហោះ ដើរប្រាប់គេឯងនោះទេ បានថាយើងស្រលាញ់គ្នា ឬក៏ដើម្បីបង្ហាញថា ខ្ញុំពិតជាមិនយករបស់គេមែន។ ខ្ញុំមានសិទ្ធ លើការសំរេចចិត្តរបស់ខ្ញុំ តែខ្ញុំមិនបាន និង មិនបំផ្លាញ រំលោភសិទ្ធិ បុគ្គលណាមួយឡើយ។
ចំពោះអ្នកគាំទ្រពិត អរគុណចំពោះការគាំទ្រ អាណិត ស្រលាញ់
អរគុណដែលតែងតែនៅជាមួយខ្ញុំរហូតមក
ដោយសេចក្តីគោរពពី​ សូនីតា