លិខិតមិត្តអ្នកអាន៖ «បាតុកម្មខុសកាលៈទេសៈដើម្បីទាមទារខុសរឿង គឺជាផែនការទុច្ចរិតដើម្បីបំផ្លាញភាពសុខសាននៃ សង្គមខ្មែរ»

122

ខណៈពេលដែល ប្រជាពលរដ្ឋកំពុងត្រៀមប្រារព្ធពិធីកាន់បិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនា ដោយភ្ជាប់ជាមួយវិធានការការពារកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួនដែលដាក់ចេញដោយរដ្ឋាភិបាល ស្រាប់តែមានមនុស្សមួយក្រុមតូច បែរជាចង់យកថ្ងៃកាន់បិណ្ឌដើម្បីធ្វើបាតុកម្មរយៈពេលវែងទៅវិញ។ ប្រសិនបើយើងក្រឡេកមើលកម្មវត្ថុនៃការសុំធ្វើបាតុកម្មរបស់ពួកគេវិញ គឺ ដើម្បីទាមទាររកយុត្តិធម៌ឲ្យដោះលែងលោក រ៉ុង ឈុននិងមនុស្សមួយចំនួនទៀតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ ញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការ បំភ្លើសមួលបង្កាច់រឿងព្រំដែននិងបញ្ហាមួយចំនួនទៀត។

ក្រុមនេះបានហៅការចាប់ខ្លួនទាំងនោះថាជារឿងអយុត្តិធម៌និងជាការបំពានសិទ្ធិមនុស្ស។ ប៉ុន្តែ តាមការពិត គឺក្រុមមនុស្សមួយក្តាប់តូចដែលត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចចាប់ខ្លួន នោះទេដែលជាអ្នក រំលោភច្បាប់ ជាអ្នកចង់បំផ្លាញភាពសុខសាន របស់ប្រជាពលរដ្ឋតាមរយៈការញុះញង់ឲ្យមានជម្លោះដែលអាចឈានដល់ភាពវឹកវរក្នុងសង្គម បង្កអរិភាពជាមួយប្រទេសជិត ខាងដែលជាឈ្នួនផ្ទុះអោយមានជម្លោះប្រដាប់អាវុធ។

មានហេតុផលសំខាន់ៗមួយចំនួនដូចខាងក្រោមដែលយើងត្រូវពិនិត្យមើលដើម្បីឆ្លុះបញ្ចាំងពីគោលបំណងទុច្ចរិតរបស់ក្រុមជ្រុលនិយមនេះ៖

ទី១៖ រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងដើម្បីធ្វើរបងការពារផ្ទៃដីខ្មែរ ១៨១ ០៣៥ កីឡូម៉ែត្រក្រឡាឲ្យបានគង់វង្ស។ ប៉ុន្តែក្រុមជ្រុលនិយមប្រកាន់ពូជ សាន៍ដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ស្រឡាញ់ទឹកដី បែរជាចង់បង្កទំនាស់ដើម្បីបង្អាក់កិច្ចការងារបោះបង្គោលព្រំដែនទៅវិញតាមរយៈការដើរញុះញង់ថា ខ្មែរបាត់ដីទាំងដែលខ្លួនមិនយល់អំពីការងារបោះបង្គោលព្រំដែននិងមិនចេះមើលផែនទីផង។

ទី២៖ កន្លងមកថ្មីៗនេះ ការស្ទង់មតិរបស់អង្គការខុមហ្វ្រែលដែល មាននិន្នការប្រឆាំងរដ្ឋាភិបាល បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ៧៩% ដែលបានចូលរួមស្ទង់មតិបានអះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលទៅលើលោក
រ៉ុង ឈុន និងបុគ្គលមួយចំនួននោះ គឺជារឿងត្រឹមត្រូវនិងមិនបំពានសិទ្ធិមនុស្សទេ។ មានតែ ២១% ប៉ុណ្ណោះដែលអះអាងថា ចំណាត់ការនោះបំពានសិទ្ធិមនុស្ស។ លទ្ធផលស្ទង់មតិនេះពិតជាបានបញ្ជាក់ថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រចំណាត់ការរបស់រដ្ឋាភិបាលប្រឆាំងជាមួយជនជ្រុលនិយមមួយចំនួនដែលចូលចិត្តបង្កព្យុះភ្លៀងនិងបំផ្លាញជាតិខ្លួនឯង។

ទី៣៖ សហគមន៍អន្តរជាតិដែលកំពុងប្រឆាំងកាន់តែខ្លាំងឡើង ទៅនឹងការស្អប់ខ្ពើមពូជសាន៍មិនគាំទ្រទង្វើទាំងឡាយណាដែលជាការញុះញង់ឲ្យមានការ រើសអើងពូជសាន៍ឡើយទោះជាក្នុងទម្រង់ណាមួយក៏ដោយ។ ដូច្នេះហើយបានជាសហគមន៍អន្តរជាតិនិងបណ្តាប្រទេសជា មិត្តកម្ពុជាទាំងអស់នៅតែ
កៀកស្មាជាមួយរដ្ឋាភិបាល ភ្នំពេញដើម្បីប្រយុទ្ធប្រឆាំង
កូវីដ ១៩ ក៏ដូចជាដើម្បីរក្សាស្ថិរភាពសង្គមនិងដើម្បីស្តារ សេដ្ឋកិច្ចឡើងវិញក្រោយពេលកូវីដរលត់រលាយទៅនៅពេលខាងមុខ។

ទី៤៖ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កា ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍។ វិធានការនានាត្រូវបានដាក់ចេញជាពិសេសក្នុងពេលមានពិធីបុណ្យធំៗដូចជាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាដើមពីព្រោះវាជាពេលវេលាដែលមនុស្សជួបជុំ គ្នាដែលងាយនឹងឆ្លងកូវីដ ១៩។

ទី៥៖ រដូវកាន់បិណ្ឌនេះគឺជា ពេលវេលាដែលប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាត្រូវការភាពស្ងប់ស្ងាត់ និងសប្បាយរីករាយដើម្បីភាពជ្រះថ្លាក្នុងការធ្វើបុណ្យទាន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជា ពិធីបុណ្យដ៏ធំមួយសម្រាប់ការជួបជុំគ្រួសារខ្មែរ។ មានតែពួក ទមិឡឥតសាសនាទេដែលយកឱកាសនេះទៅបង្កបញ្ហាអុកឡុក បង្កអនាធិបតេយ្យដើម្បីតែ មហិច្ឆតានយោបាយរបស់ខ្លួន។

ដូច្នេះ ការសុំធ្វើបាតុកម្មក្នុងកាលៈទេសៈបែបនេះគឺបាន បង្ហាញពីចេតនាទុច្ចរិតយ៉ាងច្បាស់ក្រឡែត ក្នុងការបំផ្លាញភាពសុខសានរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌផង និងប្រឆាំងជាមួយវិធានការ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ផង។ អំពើបែបនេះមិនគួរត្រូវ បានអត់ឱនអោយឡើយ។

ក្នុងកាលៈទេសៈបច្ចុប្បន្ន ការរក្សាជីវិតឲ្យបានរស់រួចផុតពីកូវីដ ១៩ និងការរក្សាស្ថិរភាពសង្គម សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋឲ្យរួចផុតពីការបំផ្លាញដោយសារកូវីដ ១៩ ត្រូវបានគេចាត់ទុកជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសនីមួយៗក៏ដូចជាសម្រាប់ពលរដ្ឋម្នាក់ៗ។
ក្នុងន័យនេះ ចំណាត់ការទៅលើជនណាដែលប៉ុនប៉ងបំផ្លាញភាព សុខសានរបស់ពលរដ្ឋ និងបំពានទៅលើវិធានការប្រឆាំងកូវីដ ១៩ ក៏ជាចំណាត់ការជាអាទិភាពមួយ ដោយចៀសមិនផុតដែរ។

ចំណាត់ការនេះពិតជាទទួល បានការគាំទ្រពីពលរដ្ឋភាគច្រើនលើសលប់ដែលប្រាថ្នាចង់ឃើញ ប្រទេសជាតិមានសន្តិភាព, ភាព ស្ងប់សុខ និងចៀសផុតពីកូវីដ ១៩។ ការធ្វើបាតុកម្មណាមួយ សំដៅទាមទារឲ្យដោះលែងជនជ្រុលនិយមទាំងនោះគឺជា ទង្វើប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋខ្មែរ។

ដូច្នេះ អាជ្ញាធរមិនគួរបណ្តែត បណ្តោយឲ្យជនជ្រុលនិយមមួយក្តាប់តូចក្រឡុកសភាពការណ៍ក្នុងប្រទេសក្នុងស្ថានភាពដ៏លំបាក នេះឡើយ។

យើងជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រចំណាត់ការនានារបស់អាជ្ញាធរដើម្បីការពារសុខ សន្តិភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសូមថ្កោលទោសចំពោះជនទាំងឡាយណា ដែលប៉ុនប៉ងឆ្លៀតឱកាសជាន់ពន្លិចជាតិខ្លួនឯងក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខដោះស្រាយវិបត្តិយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយកូវីដ ១៩។ ការធ្វើបាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿងបែបនេះ គឺជារបៀបវារៈ នយោបាយដ៏ខ្មៅងងឹតដែលមិនត្រូវអត់ឱនអោយបានឡើយ៕

ដោយ: អ្នកនយោបាយតុកាហ្វេ