ចំណាត់ការច្បាប់ចំពោះជនល្មើស កាន់តែជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

553

ពួកជនក្បត់ជាតិ និងពួកឧទ្ទាមទាំងក្នុង និងក្រៅប្រទេសមានទាំងបក្សពួក សម រង្ស៊ី និងបនភឿន ហុង លីម នៅអូស្តា្រលីផង បាននិងកំពុងបន្តនិយាយដដែលជាដដែល ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថា ផ្តាច់ការ កៀបសង្កត់សិទ្ធិសេរីភាព រំលោភលទ្ធិប្រជាធិបតេយ្យក្នុងពេលដែលខ្លួនឯងខិតខំរកគ្រប់វិធី ដើម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមនៅកម្ពុជា ។ នៅក្នុងខួរក្បាលរបស់ពួកទាំងនេះ គេមិនដឹងថា តើយល់យ៉ាងម៉េចអំពីប្រជាធិបតេយ្យ ?
ប្រជាធិបតេយ្យក្នុងបរិបទរបស់កម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាជន ដឹកនាំប្រទេសតាមឆន្ទៈរបស់ប្រជាជន ស្តាប់មតិយោបល់របស់ប្រជាជន ហើយប្រជាជនក៏មានសិទ្ធិសព្វបែបយ៉ាង រាប់ទាំងសិទ្ធិបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ សិទ្ធិលើជំនឿសាសនា និងនយោបាយ សិទ្ធិសម្តែងមតិ ។ល។ និង ។ល។ ដែលសិទ្ធិទាំងអស់នោះត្រូវបានធានាដោយច្បាប់ ពោល គឺប្រជាជនត្រូវមានកាតព្វកិច្ចអនុវត្តសិទ្ធិរបស់ខ្លួន និងគោរពសិទ្ធិរបស់អ្នកដទៃ ដោយអនុលោមទៅតាមច្បាប់ ។ ប៉ុន្តែពួកក្បត់ជាតិបែរជាយល់ថា អ្វីដែលហៅថា ប្រជាធិបតេយ្យ គឺការញុះញង់ អុចអាល បញ្ឆេះកំហឹងប្រជាជនឲ្យក្រោកឡើងធ្វើការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពន្យុះកងកម្លាំងប្រដាប់អាវុធដែលជាឧបករណ៍ការពាររដ្ឋអំណាចឲ្យក្រោកឈរឡើងបង្វែរចុងអាវុធប្រឆាំងរដ្ឋអំណាច ។ ការរើសអើងជាតិសាសន៍ ការបំផុសកំហឹងសងសឹក បង្កើតឲ្យមានភាពតានតឹង បង្កាត់ភ្នក់ភ្លើងសង្គ្រាមជាមួយប្រទេសជិតខាង ដែលសុទ្ធតែជាគ្រោះថ្នាក់ដ៏មហន្តរាយបំផុតសម្រាប់ជាតិ ។

អ្វីៗទាំងអស់នេះហើយ ដែលពួកក្បត់ជាតិបានធ្វើកន្លងមក ។ យើងចោទសួរថា តើទង្វើនេះ មិនមែនជាការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេឬ? ពួកក្បត់ជាតិធ្លាប់បាន ហើយជាថ្មីម្តងទៀតកំពុងចាប់ទាញលទ្ធិប្រជាធិបតេយ្យឲ្យដើរក្រឡាច់ចេញពីគន្លង រួចតាំងខ្លួនធ្វើឯងជាអ្នកគោរពប្រតិបត្តិ ជាអ្នកការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សខ្លាំងក្លាណាស់ ។ តាំងពីដើមរៀងមក បើគ្មានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទេនោះ ម៉្លេះសមមាតុភូមិកម្ពុជានឹងត្រូវធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ឈាមដាបជាទន្លេដោយសារស្នាដៃពួកក្បត់ជាតិទាំងអស់នេះជាមិនខានឡើយ ។
ករណីចុងក្រោយថ្មីមួយទៀត ដែលពួកក្បត់ជាតិ និងពួកប្រឆាំងផ្កាប់មុខកំពុងអនុវត្ត គឺការជំរុញឃោសនាបំផ្លើសអំពីបញ្ហាព្រំដែនឲ្យពុះពោរឡើងវិញ ក្នុងគោលបំណងធ្វើឲ្យប្រជាជនកម្ពុជាមានការយល់ច្រលំលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអំពីការងារព្រំដែន ។ មុនដំបូងបំផុតយើងឃើញថា ពួកប្រឆាំងក្រៅប្រទេសបានបង្កើតរបស់ដែលហៅថា គណៈកម្មការព្រំដែន ដោយរុញ អ៊ុំ សំអាន ដែលធ្លាប់ជាប់គុកនៅកម្ពុជាម្តងហើយ ដោយសារតែការនិយាយបំភ្លៃ និងបំផ្លើសអំពីបញ្ហាព្រំដែនឲ្យធ្វើជាប្រធាន ។ ភារកិច្ចរបស់គណៈកម្មការព្រំដែន អ៊ុំ សំអាន នេះ បើពិនិត្យឲ្យស៊ីជម្រៅ គឺគ្រាន់តែមានតួនាទីត្រៀមលក្ខណៈគ្រប់ពេលគ្រប់វេលា ដើម្បីឃោសនាបំផ្លើស និយាយបំភ្លៃតែអំពីបញ្ហាព្រំដែនទៅតាមតែចិត្តនឹកឃើញ ។ ចង់និយាយអីក៏និយាយទៅ ធ្វើយ៉ាងណាឲ្យតែចំណេញនយោបាយដល់ពួកក្បត់ជាតិ និងពួកប្រឆាំងផ្កាប់មុខ ។ ជំហានបន្ទាប់មក រ៉ុង ឈុន ក៏បានចេញដើរតួសកម្មក្នុងរឿងនេះ ដោយបញ្ចេញវោហាស៍សាស្ត្រ បោកប្រាស់ប្រជាជនដោយគ្មានអៀនខ្មាស់អំពីបញ្ហាព្រំដែន ។ គោលបំណងពួកពួកគេ គឺចង់ឲ្យ រ៉ុង ឈុន ជាប់គុក ព្រោះពួកគេយល់ឃើញច្បាស់ណាស់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតិឲ្យជនណាម្នាក់ប្រព្រឹត្តិអំពើល្មើសច្បាប់បានឡើយ ។ រ៉ុង ឈុន ហើយបន្ទាប់មក សួង សុភ័ណ្ឌ ក៏បានជាប់គុកដូចបំណងប្រាថ្នា ។ វាក៏ជាពេលវេលាដែលពួកក្បត់ជាតិយកបញ្ហានេះមកចោទថា រដ្ឋាភិបាលផ្តាច់ការ គ្រាន់តែ រ៉ុង ឈុន និយាយរឿងព្រំដែនបន្តិចក៏ចាប់ដាក់គុក ។ ហេតុអ្វីបានជាត្រូវចាប់ដាក់គុក? តាមពិតមកពី រ៉ុង ឈុន និង សួង សុភ័ណ្ឌ និយាយបំភ្លៃខុសពីការពិត ហើយមានបង្កប់ទៅដោយល្បិចកលខាងនយោបាយមួយដ៏អាក្រក់បំផុត ពោល គឺជននេះមានចេតនាប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល ។ ជននេះបានចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើឲ្យបាត់បង់ទឹកដី និងបណ្តែតបណ្តោយឲ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើឲ្យប្រជាជនបាត់បង់ដីស្រែចម្ការជាដើម ។

រ៉ុង ឈុន ត្រូវបានព្រះរាជអាជ្ញានៃតុលាការរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ផ្នែកទី៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៩៥ ដែលចែងអំពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ បានចែងច្បាស់ថា ៖ «អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តិបទឧក្រដ្ឋ ឬប្រព្រឹត្តិអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងនៅក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធភាពទេ» ។ ដោយឡែក មាត្រា ៤៩៤ បានចែងអំពីលក្ខខណ្ឌអត្ថិភាពនៃការញុះញង់ បានបញ្ជាក់ច្បាស់ថា ៖ «ដើម្បីអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្តិៈ ១- ដោយសម្តីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ ២- ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬតាំងឲ្យសាធារណជនមើល ៣- ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន» ។
ករណីចាប់ខ្លួន រ៉ុង ឈុន នេះ អង្គការខុមហ្វ្រែលបានធ្វើការស្ទង់មតិនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានជម្រើសពីរ គឺ ទី១- ការចាប់លោក រ៉ុង ឈុន គឺរំលោភច្បាប់ និងសិទ្ធិ និងជម្រើសទី២- ការចាប់លោក រ៉ុង ឈុន មិនរំលោភច្បាប់ និងសិទ្ធិ ។ ការស្ទង់មតិនេះ បានចាប់ផ្តើមនៅម៉ោង ១២ និង ៥៥នាទីរសៀល ថ្ងៃទី៩ ខែសីហា ហើយបញ្ចប់នៅម៉ោង ១២ និង ៥៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ។ លទ្ធផលស្ទង់មតិ គឺ ក្នុងចំណោមមនុស្ស ១៣.៦០០នាក់ មាន ៨០% គាំទ្រជម្រើសទី២ និងប្រមាណ ២០% ប៉ុណ្ណោះ ដែលគាំទ្រជម្រើសទី១ ។ ប៉ុន្តែអង្គការខុមហ្វ្រែលដែលអួតខ្លួនថា ឯករាជ្យ អត់ហ៊ានផ្សាយលទ្ធផលនេះទេ ។ ដូច្នេះ ជាការច្បាស់លាស់ហើយថា ប្រជាជនភាគច្រើនលើសលុបពិតជាគាំទ្ររាជរដ្ឋាភិបាល ក្នុងការងារព្រំដែន និងគាំទ្រដាច់ខាតចំពោះចំណាត់ការតាមវិធានការច្បាប់របស់រាជរដ្ឋាភិបាលទៅលើជនណាក៏ដោយ ក្រុមណាក៏ដោយ ដែលធ្វើការឃោសនាចោទប្រកាន់ដោយគ្មានមូលដ្ឋាន មានចេតនាយកបញ្ហាព្រំដែនមកអុចអាល ញុះញង់ បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម របស់ប្រទេសជាតិ ៕
ដោយ ៖ លី ទួង