ទស្សនៈ៖ រ៉ុង ឈុន និងក្រុមឧទ្ទាម សម រង្ស៉ី បង្កើតព្រឹត្តិការណ៍ព្រំដែន ដើម្បីសម្រេចបំណងដ៏ពិសពុលឱ្យសហភាពអឺរ៉ុបផ្តាច់ EBA

258

(ភ្នំពេញ)៖ លោក រ៉ុង ឈុន និងក្រុមលោក សម រង្ស៉ី ដែលគេដាក់ឈ្មោះឱ្យជាក្រុមឧទ្ទាមក្រៅច្បាប់នោះ នៅពេលថ្មីៗនេះ បានព្យាយាមរើកកាយឡើងជាថ្មីលើបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម។ ការរើកកាយលើរឿងព្រំដែនរវាងកម្ពុជា និងវៀតណាម មិនមែនជារឿងថ្មីឡើយសម្រាប់ក្រុមប្រឆាំងនៅកម្ពុជា។

សម រង្ស៉ី និងបក្ខពួករបស់គេតែងលើកយកបញ្ហាទឹកដី បញ្ហាព្រំដែនរបស់កម្ពុជាជាមួយប្រទេសវៀតណាមតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ ដើម្បីស្វែងរកប្រជាប្រិយភាព និងសន្លឹកឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតម្តងៗ។ សម រង្ស៉ី អ៊ុំ សំអាន និង ហុង សុខហួរ សុទ្ធតែជាបុគ្គលធ្លាប់បានច្បាប់កាត់ទោសលើសំណុំរឿងមូលបង្កាច់បញ្ហាព្រំដែននេះ។

តែក្រោយមកពួកគេព្រមទទួលស្គាល់ថា អ្វីដែលគេលើកឡើងនោះជារឿងខុសឆ្គង។ ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៉ី កាលពីឆ្នាំ២០១៧ បានធ្វើលិខិតមួយច្បាប់សូមទោសសម្តេចតេជោ ហ៊ុន សែន ចំពោះការចោទប្រកាន់មូលបង្កាច់របស់គេលើសំណុំរឿងព្រំដែននេះ។

ក្នុងលិខិតសូមទោសនោះ ហុង សុខហួរ បានគូសបញ្ជាក់ថា «ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះនយោបាយរបស់សម្តេច ក្នុងដំណើរការបោះបង្គោលព្រំដែន ដូចជាយកឯកសារមិនត្រឹមត្រូវមកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឱ្យមានការភ័ន្តច្រឡំក្នុងមតិសាធារណៈលើគោលនយោបាយ និងការអនុវត្តកន្លងមករបស់រាជរដ្ឋាភិបាល។ ចាប់ទីថ្ងៃនេះតទៅ ខ្ញុំនឹងប្រុងប្រយ័ត្នមិនឱ្យបញ្ហាបែបនេះកើតឡើងទៀតឡើយ»

ក្នុងលិខិតនោះ ហុង សុខហួរ ក៏បានលើកបង្ហាញពីកិច្ចខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើឱ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងរក្សាបានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ហុង សុខហួរ បានហៅការបង្រឹងប្រែងរបស់សម្តេចតេជោ ដើម្បីបង្កភាពងាយស្រួលក្នុងការកសាងជាតិមាតុភូមិឱ្យបានរុងរឿង។

ក្រៅពី ហុង សុខហួរ, អ៊ុំ សំអាន ដែលជាអតីតសមាជិករដ្ឋសភា មកពីអតីតគណបក្សសង្គ្រោះជាតិ កាលពីខែសីហា ឆ្នាំ២០១៨ ក៏បានធ្វើលិខិតសូមទោសសម្តេចតេជោ ហ៊ុន សែន លើកំហុសឆ្គងក្នុងការនិយាយបំភ្លៃលើរឿងព្រំដែននេះផងដែរ។ ក្នុងលិខិតសូមទោសនោះ អ៊ុំ សំអាន បានទទួលស្គាល់ថា រូបគេនិយាយទាំងខ្វះការពិចារណាលើរឿងព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

តាមរយៈលិខិតសូមទោសនោះ អ៊ុំ សំអាន ថែមទាំងបានសន្យាមិនធ្វើសកម្មភាពណាមួយអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ដោយខ្វះការពិចារណាទៀតនោះឡើយ។ អ៊ុំ សំអាន ក៏បានសន្យាគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ដើម្បីចូលរួមការពារនូវសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំកសាងយ៉ាងលំបាកឱ្យបានគង់វង្ស ដើម្បីអភិវឌ្ឍន៍ប្រទេសថែមទៀតផង។

មិនត្រឹមតែ ហុង សុខហួរ និង អ៊ុំ សំអាន នោះទេ សូម្បីតែ សម រង្ស៉ី មេញុះញង់រឿងព្រំដែន ហើយរត់ចោលស្រុកនេះ ក៏ធ្លាប់បានសូមទោស សម្តេចតេជោ ហ៊ុន សែន លើការនិយាយបំភ្លៃរឿងព្រំដែននេះផងដែរ។

តាមរយៈការរំលឹកសាវតារខាងលើនេះ ចង់បង្ហាញថា ក្រុមប្រឆាំងយកបញ្ហាព្រំដែនកម្ពុជា និងវៀតណាម ដើម្បីជាឈ្នាន់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ និងក្នុងចេតនាញុះញង់បង្កភាពវឹកវរក្នុងសង្គមកម្ពុជាមិនមែនជារឿងថ្មីថ្មោងនោះឡើយ។

ចុះការនាំគ្នាធ្វើយុទ្ធនាការកកូរកកាយរឿងព្រំដែនជាថ្មីរបស់ក្រុមប្រឆាំងរស់ក្រៅច្បាប់នាពេលនេះ មានគោលបំណង និងគោលដៅអ្វីដែរ?

ក្រុមឧទ្ទាមក្រៅច្បាប់នេះ គេតែងតែព្យាយាមបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាញការចាប់អារម្មណ៍ និងបង្កើតនូវព្រឹត្តិការណ៍ទុច្ចរិត និងញុះញង់បំណងបង្កភាពចលាចលវឹកវរក្នុងសង្គមធ្វើយ៉ាងណាឱ្យការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នជួបភាពអាសន្ន។

មុននេះពេលកម្ពុជាកំពុងជួបវិបត្តិព្រោះការរីករាលដាលជំងឺកូវីដ១៩នោះ ក្រុមប្រឆាំងជាឧទ្ទាមក្រៅច្បាប់នេះ បានព្យាយាមញុះញង់ និងបំផុសចលនាផ្សេងៗ ដូចជាបំផុសប្រជាពលរដ្ឋមិនឱ្យសងបំណុលធនាគារជាដើម បំណងធ្វើឱ្យរាជរដ្ឋាភិបាលជួបវិបត្តិហិរញ្ញវត្ថុ។ តែក្រោយចេតនាមួយនេះ មិនបានសម្រេចពួកគេ ដោយរាជរដ្ឋាភិបាលជម្នះនូវឧបសគ្គទាំងឡាយ ហើយដំណើរការរដ្ឋជាធម្មតានោះ ពួកគេក៏ចាប់ផ្តើមរិះរកយុទ្ធនាការថ្មី។

គាប់ជួនកំលុងពេលនេះ កម្ពុជាកំពុងស្ថិតក្នុងការពិចារណា និងការសម្រេចចុងក្រោយពីសភាអឺរ៉ុបលើការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើទំនិញកម្ពុជាប្រមាណ ២០ភាគរយនៅថ្ងៃទី១២ ខែសីហា នោះ ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនេះ ក៏ចាប់យកបញ្ហានេះជាចំណាប់ខ្មាំងតែម្តង។

ពួកក្រុមឧទ្ទាមបំផ្លាញជាតិទាំងនេះ មើលឃើញថា ការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាពីសហភាពអឺរ៉ុប ជាទម្ងន់មួយនាំឱ្យកម្ពុជាជួបនូវវិបត្តិសេដ្ឋកិច្ច។ ព្រោះតែហេតុនេះហើយទើបពួកគេ តែងបានរិះរកគ្រប់យុទ្ធវិធីទាំងអស់ ដើម្បីជំរុញឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA លើទំនិញរបស់កម្ពុជា។ ការបង្កើតរូបភាពឱ្យសហភាពអឺរ៉ុបមើលឃើញថា កម្ពុជារំលោភសិទ្ធិមនុស្សកម្លាំងសង្កត់ និងជំរុញដ៏សំខាន់ក្នុងការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា។

ព្រោះតែហេតុនេះហើយទើបមុនឈានដល់ការប្រជុំសម្រេចរបស់សភាអឺរ៉ុបលើការដក ឬមិនដក EBA ដែលជាដំណាក់កាលចុងក្រោយនាថ្ងៃទី១២ ខែសីហានេះ ក្រុមឧទ្ទាមប្រឆាំងប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជនទាំងនេះ ចាប់ផ្តើមប្រើយុទ្ធសាស្ត្រថ្មីមួយបង្ខំឱ្យរាជរដ្ឋាភិបាលធ្វើសកម្មភាពចាប់ចងលើពួកគេ។ យុទ្ធសាស្ត្រត្រូវបានគេមើលឃើញជាយុទ្ធសាស្ត្រ «សាច់កម្ម» របស់ពួកគេ។

ដើម្បីឈានទៅសម្រេចផែនការរបស់ពួកគេនេះ ក្នុងខែកន្លងទៅពួកឧទ្ទាមក្រៅច្បាប់ទាំងនេះ បានចាប់ផ្តើមធ្វើយុទ្ធនាការលើបញ្ហាព្រំដែន ហើយពួកគេបានបង្កើតគណៈកម្មការមួយដោយឱ្យឈ្មោះថា គណៈកម្មការទទួលបន្ទុកកិច្ចព្រំដែន និងអន្តោប្រវេសន៍ ដែលមាន អ៊ុំ សំអាន ជាអ្នកដឹកនាំ ហើយបានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងញុះញង់លើការងារព្រំដែននេះជាប់ជានិច្ច។

បន្ទាប់ពីបង្កើតព្រឹត្តិការណ៍បំភ្លៃរឿងព្រំដែនផុលផុសហើយ ពួកគេក៏បានអនុវត្តន៍ផែនការសាច់កម្មរបស់ពួកគេ ដែលមាន រ៉ុង ឈុន ជាតួសម្តែងដ៏សំខាន់។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ រ៉ុង ឈុន ក៏បានដឹកនាំក្រុមរបស់ពួកគេទៅសម្តែងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមិនបានសាកសួរអាជ្ញាធរពាក់ព័ន្ធ ឬមានផែនទីអ្វីក្នុងដៃទាំងអស់។ ពួកគេគ្រាន់តែជិះម៉ូតូលើក្រវាត់ផ្លូវព្រំដែន ដែលរាជរដ្ឋាភិបាលបានសាងសង់ រួចក៏ចេញសេចក្តីថ្លែងការណ៍បំភ្លៃថា វៀតណាមបោះបង្គោលឡាក់ និងបង្គោលរណបចូលដីកម្ពុជាប្រមាណជា ៥០០ម៉ែត្រ។

ក្រុមពួកឧទ្ទាមទាំងនេះដឹងច្បាស់ណាស់ថា ការបំភ្លៃលើរឿងព្រំដែនជាទង្វើខុសនឹងច្បាប់ ដែលចៀសមិនផុតពីការអនុវត្តន៍វិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ទីបំផុតអាជ្ញាធរពិតជាបានអនុវត្តន៍វិធានការច្បាប់ ដើម្បីទប់ស្កាត់នូវចលនាពិសពុលដែលចង់បំផ្លាញស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម។

រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ហើយត្រូវបានចៅក្រមសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងយកទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។

បន្ទាប់ពីសេនារិយោយុទ្ធសាស្ត្រសាច់កម្មរបស់ពួកគេបានសម្រេច ក្រុមពួកឧទ្ទាមបានបញ្ចេញកម្លាំងរបស់ពួកគេធ្វើសកម្មភាពតវ៉ា និងការដាក់ញត្តិតាមស្ថានទូតនានា របស់ប្រទេសលោកខាងលិច ព្រមទាំងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។

សកម្មភាពដែលពួកគេបានធ្វើនេះ គឺមានចេតនាបង្ហាញទៅកាន់ប្រទេសលោកខាងលិច និងសហភាពអឺរ៉ុបថា រាជរដ្ឋាភិបាលកម្ពុជា រឹតត្បិតសិទ្ធិសេរីភាព និងមានការរំលោភសិទ្ធិមនុស្សជាដើម ដែលចំណុចទាំងនេះសុទ្ធតែខុសនឹងលក្ខខណ្ឌរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ។

ជារួមមកសេនារីយោដែលក្រុមឧទ្ទាមនាំគ្នាបំផុសបំផុល និងបំភ្លៃលើរឿងព្រំដែនកម្ពុជា និងវៀតណាម ជាចេតនាមួយដែលពួកគេបានគិតគូរ និងរៀបចំបង្កើតឡើង ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់អនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុបត្រូវបានកាត់ផ្តាច់ទាំងស្រុង។

លទ្ធផលនៃការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធប្រមាណ២០ភាគរយ សម្រាប់ទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុប នឹងត្រូវសភាអឺរ៉ុបសម្រេចនៅថ្ងៃទី១២ ខែសីហានេះហើយ។ តែទោះទុក ឬផ្តាច់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខធ្លាប់បានប្រកាសរួចហើយពីការប្តេជ្ញាចិត្តក្នុងជម្នះនូវការលំបាកទាំងឡាយ ដោយមិនអង្វរ ឬចុះញ៉មនឹងការសម្រេចនេះឡើយ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ និងការធ្វើកំណែទម្រង់ជាច្រើនទៀត ដើម្បីដល់ច្រវ៉ាក់ផលិតកម្មនៅកម្ពុជា និងភាពប្រកួតប្រជែងទំនិញរបស់កម្ពុជានៅទីផ្សារអឺរ៉ុប។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញយុទ្ធសាស្ត្រពាណិជ្ជកម្មជាច្រើនទៀត តាមរយៈការបង្កើតពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូក្រៅពីអឺរ៉ុប ដើម្បីពង្រីកទីផ្សារផលិតផលរបស់កម្ពុជាឱ្យកាន់តែទូលាយ។

តាមរយៈវិធានការទាំងនេះនឹងរាំងខ្ទប់នូវមហិច្ឆតា និងបំណងទុច្ចរិតដ៏ពិសពុលរបស់ឧទ្ទាមក្រៅច្បាប់ដែលចង់ធ្វើឱ្យសង្គមកម្ពុជា មានវឹកវរចលាចលនោះមិនអាចទទួលបានជោគជ័យឡើយ។ រីឯតួសម្តែងសាច់កម្ម រ៉ុង ឈុន ក៏ប្រហែលជាត្រូវបរិភោគបាយក្រហមក្នុងសំណាញ់ ដែកសមតាមបំណងដោយមិនអាចកំណត់ពេលបាននោះឡើយ។

ក្រុមជនបម្រើចលនាឧទ្ទាមទាំងឡាយ ក៏គួរពិចារណាសម្រាប់ទង្វើផ្ទុយនឹងច្បាប់របស់ខ្លួនផងដែរ បើមិនដូច្នោះប្រហែលជាអាចនឹងត្រូវបានចូលជួប រ៉ុង ឈុន ក្នុងពេលឆាប់ជាក់ជាមិនខានឡើយ។ ការរំពឹងលើបរទេសណាមួយមកជួយនឹងគ្មានលទ្ធផលឡើយ កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព និងបូរណភាពទឹកដីពេញ គ្មានបរទេសណាមួយមកបង្គាប់បញ្ជាឱ្យធ្វើបែបនេះ ឬបែបនោះបានឡើយ៕