មន្ទីរសុខាភិបាលខេត្តកណ្តាលបកស្រាយជុំវិញលិខិតចៅសង្កាត់សិត្បូ លើករណីស្ត្រីជាកងទ័ពមួកខៀវមានផ្ទុកវិជ្ជមានកូវីដ១៩ ហើយមកដល់ផ្ទះធ្វើបាយសម្លជូនចាស់ៗ និងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តទៀត

86

កាលពីពេលថ្មីៗនេះ មានការចែកចាយជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងលិខិតមួយច្បាប់ដែលបញ្ជាក់ថា ស្ត្រីមានផ្ទុកវិជ្ជមានកូវីដ១៩ម្នាក់ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ហើយពេលមកដល់ផ្ទះ ស្ត្រីរូបនោះបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តទៀតផង។

ជុំវិញករណីនេះ មន្ទីរសុខាភិបាលខេត្តកណ្តាលបានធ្វើការបញ្ជាក់ថា ករណីដែល លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើរបាយការណ៍ជូន លោកអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ដីអំពីសកម្មភាពរបស់ អ្នកជំងឺ ផ្ទុកមេរោគកូវីដ១៩ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទើបនឹងរកឃើញថ្មី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ថា បានធ្វើសកម្មភាពដូចក្នុង លិខិតលេខ ០១១/២០ របក ចុះថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ (បានធ្វើបាយសម្លជូនចាស់ៗ និង ចែកប្រាក់ដល់ក្មេងៗព្រមទាំងធ្វើចង្ហាន់ទៅវត្ត) គឺមិនត្រឹមត្រូវទេ គ្មានប្រភពច្បាស់លាស់ខុសពីការចុះធ្វើអង្កេត តាមដានស្រាវជ្រាវរបស់មន្ត្រីជំនាញសុខាភិបាល និងការសហការផ្តល់ព័ត៌មានពីអ្នកជំងឺ និងក្រុមគ្រួសាររបស់គាត់។

ជាក់ស្តែងមន្ត្រីជំនាញសុខាភិបាលបានសហការជាមួយ អាជ្ញាធរគ្រប់ថ្នាក់ អនុវត្តតាមបច្ចេកទេសជំនាញជាជំហានៗ តាមវិធានការបង្ការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។ ក្រោយពីអ្នកជំងឺខាងលើទទួលលទ្ធផល តេស្តមេរោគកូវីដ ១៩ វិជ្ជមាន ក្រុមការងារ បានចុះយកសំណាក ដើម្បីធ្វើតេស្ត រកមេរោគកូវីដ១៩ ដល់សមាជិកក្រុមគ្រួសារអ្នកជំងឺ ដែលរស់នៅក្នុងផ្ទះជាមួយគ្នា ចំនួន៩នាក់ (ស្រី ០៣នាក់) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា អវិជ្ជមាន ទាំង ០៩នាក់ នៅវេលាយប់ថ្ងៃនោះដែរ ហើយអ្នកទាំង០៩នាក់ បាននិងកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងតាខ្មៅ ដើម្បីបន្តការពិនិត្យ អង្កេតតាមដាន និងព្យាបាល។ ជាបន្តមន្ត្រីសុខាភិបាល នឹងសហការជាមួយអាជ្ញាធរ អ្នកជំងឺ និងក្រុមគ្រួសារគាត់ ដើម្បីស្រាវជ្រាវ អង្កេតរកអ្នកប៉ះពាល់ ដោយប្រយោលបន្ថែមទៀត៕