រដ្ឋមន្ត្រីព័ត៌មានលីបង់បានលាលែងពីតំណែង ឆ្លើយតបនឹងការតវ៉ារបស់ពលរដ្ឋចង់ឱ្យប្រទេសនេះមានការផ្លាស់ប្តូរ

84

(អន្តរជាតិ)​ ៖រដ្ឋមន្ត្រីព័ត៌មានប្រទេសលីបង់បានលាលែងពីតំណែង ចំពេលមានកំហឹងជាសាធារណៈប្រឆាំងនឹងរដ្ឋាភិបាល​ បន្ទាប់ពីមានការផ្ទុះដ៏សាហាវកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានីបេរូត។ អ្នកស្រី Manal Abdel Samad បានប្រកាសពីការសម្រេចចិត្តចុះចេញពីតំណែងនៅថ្ងៃអាទិត្យ ​ដោយលើកឡើងពីការផ្ទុះនិងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់។ អ្នកស្រីបាននិយាយថាគាត់បានលាឈប់ពីរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជនសម្រាប់ការផ្លាស់ប្តូរ។

ការអត្ថាធិប្បាយរបស់អ្នកស្រីបានធ្វើឡើងនៅថ្ងៃទី០២ នៃការប៉ះទង្គិចគ្នាដោយអំពើហឹង្សារវាងប៉ូលីសនិងក្រុមអ្នកតវ៉ា ដែលបានស្តីបន្ទោសចំពោះឧបទ្ទវហេតុដ៏មហន្តរាយលើការធ្វេសប្រហែសរបស់រដ្ឋាភិបាល។ ប្រជាជនលីបង់ជាច្រើនមានការខឹងសម្បារជាយូរមកហើយចំពោះរដ្ឋាភិបាល ដែលពួកគេចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយជាច្រើន។ ពួកគេកំពុងទាមទារឱ្យសមាជិកសភានិងរដ្ឋមន្ត្រីរដ្ឋាភិបាលលាលែងពីតំណែង។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Damianos Kattar ក៏បានចុះចេញពីតំណែងផងដែរ។

ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសលោក Nassif Hitti បានលាឈប់មុនមួយថ្ងៃនៃពេលមានការផ្ទុះឡើងនៃការប្រឆាំងនឹងភាពយឺតយ៉ាវនៅក្នុងកំណែទម្រង់ ទោះបីមានប្រទេសនេះកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចក៏ដោយ។ វិបត្តិនៅក្នុងរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានចលាចលនយោបាយបន្ថែមទៀតនៅក្នុងប្រទេសលីបង់៕

ប្រភព៖ NHK