សម្តេចតេជោ​ ហ៊ុន សែន អបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ

1026

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលប័ណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩ នាពេលកន្លងមក។

តាមរយៈផេកផ្លូវការសម្ដេចតេជោ បានសរសេរថា អរគុណសន្តិភាព និងអបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលប័ណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនៅថ្ងៃទី៣១ ខែកក្កដានេះ។ ប័ណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែកុម្ភៈឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តន៍គម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរទួលស្លែង) ដែលបានសហការចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង៕