លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា កំពុងស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់

1179

(ភ្នំពេញ)៖ ថ្លែងតាមរយៈបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ គឺកំពុងស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច (Alarming) បន្ទាប់ពីមានការកើនឡើងយ៉ាងច្រើននូវចំនួនអ្នកកំពុងវិជ្ជមានវីរុសកូវីដ១៩ ក្នុងចំណោមករណីសរុបទូទាំងប្រទេស ចំនួន ២៣៣នាក់ ។

លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “ស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជាយើងនៅពេលនេះ កំពុងស្ថិតនៅក្នុងស្ថានភាព Alarming នៅឡើយទេ គឺមានន័យថា ជាស្ថានភាពមួយដែលយើងត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច ដោយសារតែការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ជាបន្តបន្ទាប់ ក្នុងចំណោមអ្នកដំណើរដែលបានចូលមកព្រះរាជាណាចក្រកម្ពុជាយើង ដែលកំណើននេះ គឺមានចំនួនច្រើនមែនទែន ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្តយកចិត្តទុកដាក់អនាម័យ ហើយមិនត្រូវភ្លេចពីលទ្ធភាពនៃការចម្លងវីរុសនេះ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ។ល។ ហើយខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារឱ្យបានខ្ជាប់ខ្ជួនជានិច្ច ក្នុងនោះវិធានការសាមញ្ញៗចំនួន០៣ ដែលយើងត្រូវចងចាំ និងអនុវត្តឱ្យបានគ្រប់ៗគ្នា ទី១ អនាម័យដៃ និងខ្លួនប្រាណស្អាត ដោយការលាងជាមួយសាប៊ូ ទឹកស្អាត ជែល ឬអាល់កុល ឱ្យបានញឹកញាប់ក្នុងមួយថ្ងៃ ទី២ ត្រូវប្រើប្រាស់ម៉ាស ក្នុងករណីចាំបាច់ ទី៣ រក្សាគម្លាតសុវត្ថិភាព ទាំងបុគ្គល និងសង្គម” ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរដែនដី ត្រូវតាមដាន និងត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត នូវការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ក្នុងតំបន់ដែលមានហានិភ័យ ដូចជាតាមសណ្ឋាគារ ភោជនីយដ្ឋាន និងទីកន្លែងកម្សាន្តផ្សេងៗទៀត ដែលមានលក្ខណៈប្រមូលផ្តុំ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា។ ម្យ៉ាងទៀត លោកស្រី ក៏បានរម្លឹកផងដែរថា ការចម្លងវីរុសកូវីដ១៩ គឺភាគច្រើនកើតឡើងនៅពេលដែលបុគ្គលណាមួយចល័ត ឬធ្វើដំណើរ ដូច្នេះហើយរាល់ពេលដែលធ្វើដំណើរ ឬចល័ត គឺត្រូវប្រុងប្រយ័ត្នបំផុត។

គួរបញ្ជាក់ថា គិតត្រឹមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ សរុប ២៣៣នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៨៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៥៤នាក់ (ស្រី ៤០នាក់ និងបុរស១១៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួនសរុប៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕