ក្រសួងពាណិជ្ជកម្ម ទុកពេល៣០ថ្ងៃ ដល់ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលទារក ឱ្យអនុវត្តត្រឹមត្រូវតាមខ្លឹមសារច្បាប់

972

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ដោយសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារនៅលើទីផ្សារមួយចំនួនមិនបានអនុវត្តតាមខ្លឹមសារនៃមាត្រា ៩ ១០ ១១ ១២ នៃអនុក្រឹត្យលេខ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ (ឧបសម្ព័ន្ធ១) និងប្រកាសរួមលេខ០៦១ សនរប ចុះថ្ងៃទី១៦ ខែសីហាឆ្នាំ២០០៧ ស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដោយមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួននៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួនដូចជាការបង្ហាញណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងជាពិសេសពាក្យថា គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយគត់រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ០២ឆ្នាំ ឬលើសឡើយ។

ក្រសួងពាណិជ្ជកម្ម បានបន្ថែមទៀតថា ទាក់ទិនខ្លឹមសារខាងលើ ប្រសិនបើមន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មរកឃើញផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយមិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងៗទៀត នៃអនុក្រឹត្យខាងលើ មន្រ្តី ក.ប.ប នឹងចាត់វិធានការផ្អាកជាបណ្តោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារ ឬអនុវត្តនីតិវិធីផ្សេងៗទៀត ដោយអនុវត្តលោកតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត ដោយមិនលើកលែង។

ក្រសួងពាណិជញជកម្ម នឹងបន្តសកម្មភាពការងារនេះ ដោយឈរលើអនុអាណិត្តការងារតាមតួនាទី និងភារកិច្ចហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តឹច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងដើម្បីផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា លក្ខខណ្ឌដែលក្រសួងពាណិជ្ជកម្មតម្រូវមួយចំនួនដែលមានចែងក្នុងអនុក្រឹត្យខាងលើមានដូចជា៖ សម្រាប់លក្ខខណ្ឌក្នុងអនុក្រឹត្យលេខ១៣៣ ក្រុមហ៊ុនត្រូវមានលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល, ត្រូវមានស្លាកសញ្ញាត្រឹមត្រូវ, ត្រូវអាហាររូបត្ថម្ភ និងត្រូវមានការណែនាំពីរបៀបរក្សាទុកដាក់។ល៕